ព័ត៌មានកីឡា

Toni Kroos ​៖ ខ្ញុំ​អត់​ខ្លាច Bayern Munich ​ទេ ​មាន​តែ​សប្បាយ​ចិត្ត​ទៅ​វិញ

Toni Kroos ​ខ្សែ​បម្រើ​របស់​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ខ្លួន​ពេញ​ចិត្ត​ដែល​បាន​ជួប​ជាមួយ​ក្រុម Bayern Munich ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ។

ក្រោយ​ពី​ចាប់​ឆ្នោត​ប៉ះ​គ្នា​រួច​មក ​អ្នក​គាំទ្រ​របស់​ក្លឹប​យក្ស​ខាង​លើ​ទាំង​ពីរ បាន​បញ្ចេញ​យោបល់​រៀង​ៗ​ខ្លួន ​ដោយ​ខ្លះ​ជឿ​ជាក់​ថា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​នេះ ​អាច​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​កាត់​សេចក្ដី​ពាន​រង្វាន់ Champions League ​ហើយ។ ដូច​គ្នា​នេះ​ដែរ Kroos ​ដែល​ធ្លាប់​លេង​នៅ Bayern ​មុន​ផ្លាស់​មក Real ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​សម្រាប់​ការ​ប្រកួត​ខាង​លើ​ដែល​នេះ។

“ខ្ញុំ​មិន​ខ្លាច Bayern Munich ​ទេ ។ ប្រសិន​បើ​អ្នក​ចង់​ឈ្នះ Champions League ​អ្នក​ត្រូវ​តែ​យក​ឈ្នះ Bayern Munich ​ឬ Barcelona ។ ខ្ញុំ​តែងតែ​ចូល​ចិត្ត​ការ​ប្រកួត​ធំ​ៗ ​ក្នុង​ការ​លេង​បាល់ទាត់ ​ហើយ​ការ​លេង​ជាមួយ​ក្រុម​ខ្លាំង​គឺ​ជា​រឿង​ល្អ​បំផុត”។ សម្ដី​របស់​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់។

ការ​ប្រកួត​រវាង Real Madrid ​និង Bayern Munich ​នេះ គឺ​ជា​ការ​ប្រកួត​រវាង​គ្រូ​និង​សិស្ស ​ពោល​គឺ​លោក Carlo Ancelotti ​ដែល​ដឹក​នាំ Bayern ​នោះ ​ធ្លាប់​ជា​គ្រូ​របស់​លោក Zidane ​ដែល​ដឹក​នាំ Real ​។ យ៉ាងណាមិញ ​មុន​ការ​ចាប់​ឆ្នោត​នោះ​ដែរ ​អ្នក​ចាត់ការ​ទាំង​ពីរ​បាន​និយាយ​ថា​មិន​ចង់​ជួប​គ្នា​នៅ​វគ្គ​នេះ​ទេ ​ដោយ​ចប់​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ តែ​ទោះ​ជា​យ៉ាង​នេះក្ដី ​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត ​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​តតាំង​គ្នា​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ហើយ៕

មតិយោបល់