ខ្សែបម្រើស្លាប Franck Ribery បានបញ្ជាក់ថារូបគេបានបដិសេធទៅលេងឱ្យក្លឹបធំៗជាច្រើនកាលពីប៉ុន្មានឆ្នាំមុននេះ ដោយសម្រេចចិត្តនៅលេងឱ្យ Bayern Munich រហូត។
កីឡាករវ័យ៣៣ឆ្នាំខាងលើនេះ បានឈ្នះពានរហូតដល់១៨ពានរង្វាន់ហើយ ចាប់តាំងពីផ្ទេរចេញពី Marseille មកអាល្លឺម៉ង់កាលពីឆ្នាំ២០០៧កន្លងទៅ។ ទាក់ទិននឹងការស្នាក់នៅជាមួយ Bayern យូរឆ្នាំនេះដែរ កីឡាករសញ្ជាតិបារាំងរូបនេះបានប្រាប់ឱ្យដឹងថាមានក្លឹបជាច្រើនដូចជា Barcelona , Real Madrid និង Chelsea ជាដើម សុទ្ធតែចង់បានរូបគេទាំងអស់ ប៉ុន្តែជាចុងក្រោយកីឡាកររូបនេះបែរជាសម្រេចចិត្តមិនចាកចេញទៅវិញ។
“បាទច្បាស់ណាស់ ខ្ញុំបានពិចារណាសំណើរបស់ពួកគេ អំឡុងឆ្នាំ២០០៨ ២០០៩។ កាលនោះក្លឹបធំៗជាច្រើនសុទ្ធតែចង់បានខ្ញុំ Juventus, Inter, Milan, Barca, Real, Chelsea, Manchester…។ តែចុងក្រោយខ្ញុំសម្រេចមិនទៅណាទៅវិញ ព្រោះគ្រួសាររបស់ខ្ញុំសប្បាយចិត្តនឹងនៅទីនេះ ហើយខ្ញុំក៏បានសម្រេចគោលដៅជាច្រើនជាមួយ Bayern Munich ”។ សម្ដី Ribery ៕
មតិយោបល់