ព័ត៌មានកីឡា

Park Ji Sung ទីពីរនៅ​ Premier League បានលេចមុខហើយ

កីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិកូរ៉េខាងត្បូង ដែលកំពុងលេងឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានក្លាយជាកីឡាករដ៏ល្បីល្បាញមួយរូប នៅ Premier League នារដូវកាល​ ២០១៦-២០១៧ នេះ។
បន្ទាប់ពីអតីតកីឡាករសញ្ជាតិកូរ៉េដ៍ល្បីល្បាញ​ Park Ji Sung បាត់មុខពីលីគកំពូលរបស់អង់គ្លេស កាលពីប៉ុន្មានឆ្នាំមុនមកនេះ​ ឥឡូវនេះ​ Park Ji Sung ថ្មី បានលេចមុខមកកាន់លីគមួយនេះវិញហើយ។

Son Hoeng-Min កំពុងតែបង្ហាញនូវទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាលនេះ ដែលធ្វើឲ្យរូបគេកំពុងតែមានឈ្មោះ បោះសម្លេងមិនចាញ់នឹងតារារៀមច្បង Park Ji Sung ឡើយ។ Son ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅក្នុងឆ្នាំ​ ២០០៨ ជាមួយនឹងក្រុម Seoul លីគកំពូលរបស់កូរ៉េ និងផ្លាស់ទៅកាន់ក្លឹប Hamberger SV II នៅក្នុងចុងឆ្នាំ​ ២០០៨ រហូតដល់ឆ្នាំ២០១០។ ចាប់ពីឆ្នាំ​ ២០១០-២០១៣ Son បានឡើងទៅលេងឈុតធំឲ្យក្រុម Hamberger SV នៅលីគកំពូលរបស់អាឡឺម៉ង់ ហើយ Son ត្រូវបានលក់បន្តទៅឲ្យក្រុម Bayern Liverkusen នៅឆ្នាំ​២០១៣ ដោយបន្តលេងរហូតដល់ឆ្នាំ​២០១៥ ក្នុងតម្លៃ ១០លានអឺរ៉ូ។

ដោយសារសមត្ថភាពដ៏ល្អរបស់គេ​ Son ត្រូវបានក្លឹបជើងខ្លាំងនៅអង់គ្លេសមាន់ខ្នាយមាស​ Tottenham Hotspur ទិញក្នុងតម្លៃ ២២លានផោន កាលពីឆ្នាំ២០១៥ មកនេះ។ ជាការពិតណាស់ បន្ទាប់ពីបានចូលរួមនៅលីគកំពូល របស់អង់គ្លេស Son បានបង្ហាញនូវទម្រង់លេងយ៉ាងល្អ ដោយពេលនេះរូបគេ រកបាន ១៥គ្រាប់ហើយ សម្រាប់ការបង្ហាញខ្លួនរបស់គេនៅ Spur ។ ដោយសារសមត្ថភាពដ៏ល្អរបស់គេនេះហើយ នាំឲ្យបណ្តាញសារពត៌មានជាច្រើន បានចុះផ្សាយថា Son នឹងក្លាយជា Park Ji Sung ទីពីរនៅ​ Premier League៕

មតិយោបល់