ព័ត៌មានកីឡា

ហ៊ុល គឹមហ៊ុយ មិននឹកស្មានជាប់ជម្រើសជាតិឈុតធំ ព្រោះទើបតែចាប់ផ្តើមលេងបាល់ទេ

អ្នកចាំទីវ័យក្មេង ហ៊ុល គឹមហ៊ុយ មិននឹកស្មានថាបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាឈុតធំឡើយ ព្រោះរូបគេទើបតែចាប់ផ្តើមចូលហ្វឹកហាត់និងលេងបានប្រហែល ២ ឆ្នាំ ប៉ុណ្ណោះ អ្វីដែលពិសេសនោះគឺទើបបង្ហាញខ្លួន ១១ នាក់តំបូងប្រហែល ៤ទៅ៥ ប្រកួតទេ។

សមាជិកយុវជនសាលាបាល់ទាត់បាទីអាយុក្រោម ១៧ ឆ្នាំខាងលើបានបញ្ជក់ថា៖ «ខ្ញុំនឹងស្មានមិនដល់ថាមានឈ្មោះក្នុងក្រុមជម្រើសជាតិ ពេលខ្ញុំប្រកួតនៅខេត្តស្វាយរៀងគ្រូបង្វឹកគាត់ សរសើរខ្ញុំថាល្អ ស្អែកឡើងខ្ញុំចេញពីរៀនហើយបានឃើញឈ្មោះជាប់ជម្រើសជាតិពិតសប្បាយចិត្តរកអ្វីប្រៀបមិនបានទេ ព្រោះខ្ញុំទើបចាប់ផ្តើមហ្វឹកហាត់បាល់ទាត់បានប្រហែល ២ ឆ្នាំ និងភាគច្រើននៅបម្រុងទៀត ហើយចាប់ផ្តើមជាប់ជម្រើស ១១ តំបូងនៅប៉ុន្មានប្រកួតចុងក្រោយនេះទេ»។​​ អ្នកចាំទីរូបនេះបន្ថែមថា ខ្ញុំជាក្មេងធម្មតាទេមិនធ្លាប់ហ្វឹកហាត់ឡើយ ពេលដែលមានសេចក្តីប្រកាសជ្រើសរើសកីឡាករ ពេលនោះទៅសុំគេធ្វើតេស្ត ហើយស្អែកឡើងខាងសាលាប្រាប់ថាជាប់ នៅ ១ ឆ្នាំជាងជិត ២ ឆ្នាំ ខ្ញុំគ្រាន់តែជាកីឡាករបម្រុងប៉ុណ្ណោះ។

សូមបញ្ជក់ថា អ្នកចាំទីវ័យ ១៧ ឆ្នាំរូបនេះ ត្រូវបានគ្រូបង្វឹកប្រេស៊ីសលោក Leonardo Vitorino បានកោះ ហៅចូលក្នុងបញ្ជី ២៥ នាក់ ត្រៀមប្រកួតមិត្តភាពទល់ក្រុមជម្រើសឥណ្ឌូណេស៊ី នៅថ្ងៃទី ០៨ ខែ មិថុនា នេះ និង ជម្រុះ AFC Asian Cup ទល់នឹងអាហ្វហ្គានីស្ថាន នាពហុកីឡដ្ឋានជាតិ ថ្ងៃទី ១៣ ខែ មិថុនា នាពហុកីឡដ្ឋានជាតិ៕

មតិយោបល់