ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ចំពេលដែលមានការព្រមានពីសហរដ្ឋអាមេរិក

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ បានដាក់ទណ្ឌកម្មលើក្រុមមន្រ្តី និងអង្គភាពកូរ៉េខាងជើង បន្ទាប់ពីសហរដ្ឋអាមេរិកប្តេជ្ញាថា នឹងធ្វើការឆ្លើយតបចំពោះការបាញ់នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង តាមរយៈមធ្យោបាយផ្សេងទៀត ប្រសិនបើចាំបាច់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧។

ក្រុមប្រឹក្សាបានអនុម័តជាឯកច្ឆ័ន្ទ នូវសេចក្ដីព្រាងច្បាប់លើដំណោះស្រាយរបស់អាមេរិក នៅក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីចារកម្មកូរ៉េខាងជើងចំនួន ១៣ នាក់ និងអង្គភាព ៤ ទៀត ចូលទៅក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ក្នុងការធ្វើដំណើរជាសកល និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ។

ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Nikki Haley បានប្រាប់ក្រុមប្រឹក្សាថា « នៅថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខ បានផ្ញើសារយ៉ាងច្បាស់មួយ ទៅកាន់កូរ៉េខាងជើង ដើម្បីបញ្ឈប់ការបាញ់មីស៊ីលផ្លោង ឬការប្រឈមនឹងផលវិបាកផ្សេងៗ»។

លោកស្រីបានបន្ថែមទៀតថា «មិនត្រឹមតែផលវិបាកការទូត និងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែអាមេរិកក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីយុទ្ធប្រឆាំងនឹងការរំលោភឈ្លានពានរបស់កូរ៉េខាងជើង តាមរយៈមធ្យោបាយផ្សេងទៀត ប្រសិនបើចាំបាច់»។

លើសពីនេះទៅទៀត ប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងព្យុងយ៉ាង ក៏បានធ្វើការគាំទ្រផងដែរ ចំពោះការដាក់ទណ្ឌកម្មនេះ ប៉ុន្តែក្នុងនោះក្រុងប៉េកាំងនៅតែធ្វើការទាមទារ ដើម្បីឲ្យមានកិច្ចពិភាក្សា ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់