ព័ត៌មានកីឡា

Eder បង្ហាញប្រវត្តិឈឺចាប់ មានឪពុកជាប់គុក១៦ឆ្នាំ

Eder ខ្សែប្រយុទ្ធដែលជួយក្រុមព័រទុយហ្គាល់លើកពាន Euro 2016 បានបង្ហាញប្រវត្តិដ៏ឈឺចាប់របស់ខ្លួនថា អត់មានឪពុកនៅក្បែរតាំងពីអាយុ១២ឆ្នាំ ដោយជាប់ពន្ធនាគារពីបទសម្លាប់ម្ដាយចុង ហើយជាប់គុករយៈពេល១៦ឆ្នាំ។

Eder ក្លាយជាវិរបុរសរបស់ប្រជាជនព័រទុយហ្គាល់ បន្ទាប់ពីស៊ុតបានមួយគ្រាប់ជួយក្រុមឈ្នះម្ចាស់ផ្ទះបារាំងនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2016 ។ ដោយសារតែមានគេចង់ដឹងច្រើនពីប្រវត្តិរបស់កីឡាកររូបនេះ ទូរទស្សន៍ក្នុងស្រុកមួយបានកោះហៅ Eder មកសម្ភាសន៍ផ្ទាល់តែម្ដង។1363990036361

ក្នុងបទសម្ភាសន៍នោះដែរ Eder សប្បាយរីករាយណាស់ដែលមានអ្នកគាំទ្រចង់ដឹងរឿងរបស់ខ្លួន បើទោះជាមិនមានប្រវត្តិល្អដូចគេក៏ដោយ។ កីឡាករវ័យ២៨ឆ្នាំរូបនេះ បានប្រាប់ថារូបគេ គ្មានឪពុកនៅក្បែរតាំងពីតូច ហើយវាមានរយៈពេលជិត១៦ឆ្នាំទៅហើយ។ “ឪពុកខ្ញុំជាប់គុកនៅអង់គ្លេស ដោយសារតែសម្លាប់ម្ដាយចុងខ្ញុំ ។ តាមខ្ញុំចាំ គាត់ជាប់គុកដល់ទៅ១៦ឆ្នាំ ហើយពេលនេះជិតដល់ពេលដែលគាត់អាចចេញបានហើយ។ ខ្ញុំមិនខ្មាស់គេទេ ព្រោះគាត់ជាឪពុករបស់ខ្ញុំ”។ សម្ដី Eder ។

កីឡាករលេងនៅក្លឹប Lille រូបនេះ ចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ២០០៨ ជាមួយក្រុម Academica នៅព័រទុយហ្គាល់។ ដោយការចូលលេងនេះ Eder បញ្ជាក់ថាខ្លួនគ្រាន់តែចង់លេងបាល់ ដើម្បីបានប្រាក់ខ្លះ ចាយវាយនិងយកទៅធ្វើដំណើរទៅអង់គ្លេសមើលឪពុកប៉ុណ្ណោះ មិនដែលគិតដល់ថាមានថ្ងៃនេះ ហើយជួយប្រទេសជាតិកសាងប្រវត្តិសាស្ត្រអ្វីនោះទេ៕

មតិយោបល់