ព័ត៌មានកីឡា

Chelsea ទិញបានខ្សែការពារ ១រូបទៀតហើយ

នេះគឺជាការបន្ថែមនូវសមាជិកថ្មីមួយរូបបន្ថែមទៀត សម្រាប់ក្រុមម្ចាស់ជើងឯក Premire League តោខៀវ Chelsea ក្នុងការនាំយកខ្សែការពារ Antonio Rudiger ពីក្រុម AS Roma ។

ការតាមប្រមាញ់កីឡាករជាច្រើនរូបរបស់លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានលេចចេញជាបណ្តើរៗហើយ។ ជាក់ស្តែងណាស់តាមរយៈ Telegram បានឲ្យដឹងថា ក្លិបតោខៀវ បានជោគជ័យបក្នុងការនាំយកខ្សែការពារកណ្តាល Antonio Rudiger ក្នុងតម្លៃ ២៩លានផោន ប្រមាណជា ៣៣,៤លានអឺរ៉ូ ពីក្រុមចចក Roma។ តាមរយៈការផ្ទេរនេះ កីឡាករអាឡឺម៉ង់រូបនេះ នឹងទទួលបានប្រាក់រង្វាន់ ៥លានអឺរ៉ូបន្ថែម ប្រសិនបើខ្សែការពាររូបនេះ ពិតជាផ្លាស់មកកាន់ Chelsea មែននោះ។

ការនាំយកខ្សែការពារកណ្តាលរូបនេះ ក្រុម Chelsea មានបំណងយកមកជំនួសកន្លែងរបស់កីឡាករ Nathan Ake ដែលត្រូវបានចាកចេញទៅក្លិប Bournemouth ក្នុងតម្លៃខ្លួន ២០លានផោន ថ្មីៗនេះ។ តាមរយៈ Telegram ដដែលបានឲ្យដឹងថា ក្លិបតោខៀវ Chelsea និងធ្វើការចុះហត្ថលេខា ដោះដូរកីឡាករជាមួយក្លិប Roma នៅថ្ងៃច័ន្ទខាងមុខនេះ ហើយ Antonio Rudriger នឹងត្រូវធ្វើការពិនិត្យសុខភាព រួចត្រូវប្រកាសជាសមាជិកផ្លូវការណ៍នៅថ្ងៃបន្ទាប់ទៀត។

គួរបញ្ជាក់ផងដែរថា ក្រោយពីការចូលនិវត្តន៍របស់ខ្សែការពារកណ្តាល John Terry កីឡាករ Ake អាចនឹងជំនួសតំណែងនេះ តែ Ake បានចាកចេញទៅហើយ ដូច្នេះហើយ Antonio Rudriger នឹងមកជំនួសតំបន់ការពារកណ្តាលរបស់ Chelsea ក្នុងពេលខាងមុខនេះ ស្របពេលដែលកីឡាករវ័យ ២៤ឆ្នាំរូបនេះ នឹងត្រៀមខ្លួន ប្រកួតផ្តាច់ព្រ័ត្រ Confederation Cup ដែល អាឡឺម៉ង់ ត្រូវជួបឈីលី៕

មតិយោបល់