ព័ត៌មានកីឡា

ទិញ Lukaku មិនបាន Chelaea បង្វែរមករក ខ្សែប្រយុទ្ធ Real Madrid កីឡាករ Alvaro Morata វិញ

ក្រោយពីការបរាជ័យ ក្នុងការទិញយក Lukaku ក្រុមតោខៀវ Chelsea បានសម្រេចចិត្ត មកសម្លឹងមើល Alvaro Morata ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid វិញម្តង។

កាសែត AS បានឲ្យដឹងថា Chelsea បានងាកមករក Morata វិញហើយ ក្រោយពីកីឡាកររូបនេះ ខកខានមិនបានផ្លាស់ ទៅកាន់ក្រុម Man Utd ។ ជាការពិតណាស់ កាលពីមុន Chelsea ហ៊ានឲ្យតម្លៃខ្លួន Morata ត្រឹម ជាង ៥០លានផោនប៉ុណ្ណោះ ក៍ប៉ុន្តែ នៅពេលនេះ មានភាពខុសគ្នាឆ្ងាយណាស់ ព្រោះថា Chelsea បានឲ្យតម្លៃខ្លួនរហូតដល់ទៅ ៧០លានផោន។ ការកើនឡើង នូវតម្លៃខ្លួននេះ ធ្វើឡើងបន្ទាប់ពី Lukaku បានសម្រេចចិត្តចូលរួមជាមួយ Man Utd ដែលផ្តល់នូវការខកចិត្តយ៉ាងខ្លាំងចំពោះ Chelsea ។

យ៉ាងណាវិញ ក្រុម Real Madrid ហាក់មិនចង់លក់ Morata ឡើយ តែដោយសារខ្សែប្រយុទ្ធរូបនេះ កំពុងតែមានទម្រង់លេងយ៉ាងល្អទើបធ្វើឲ្យ មានការចាប់អារម្មណ៍យ៉ាងច្រើនបែបនេះ។ ម្យ៉ាងវិញទៀត Alvaro Morata មានបំណងចង់ចាកចេញទៅក្រុមតោខៀវទៅហើយ ជាហេតុនាំឲ្យ ក្រុម Real Madrid ពិបាកក្នុងការរក្សាទុក កីឡាកររូបនេះ។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុន លោក Conte បាននិយាយថា សមត្ថភាពរបស់ Morata អាចលក់ចេញត្រឹមតម្លៃជាង ៥០លានផោនប៉ុណ្ណោះ ព្រោះថាលោក បានសម្លឹងឃើញ Lukaku រួចទៅហើយ។

ក៍ប៉ុន្តែ នៅពេលនេះលោក Conte ហ៊ានឲ្យតម្លៃខ្លួនដល់ទៅ ៧០លានផោន ព្រោះថា Chelsea បានបរាជ័យ ក្នុងការទិញយក Lukaku ដែលជម្រើសចុងក្រោយនោះ Morata គឺជាមុខព្រួញដ៍សំខាន់របស់ក្លិបវិញ។ ដូច្នេះហើយ ត្រឹមតម្លៃ ៧០លានផោន ក្រុម Chelsea មិនខ្លាចក្នុងការចំណាយនាំយក ខ្សែប្រយុទ្ធ Alvaro Morata ពីក្រុម Real Madrid ឡើយ ស្របពេលដែល Diego Costa ជិតដល់ពេលចាកចេញទៅហើយនោះ។

មតិយោបល់