ព័ត៌មានកីឡា

Messi ស៊ុត Hat trick ក្នុងការជួយ Barcelona ឈ្នះពានទី២ រដូវកាលនេះ

Barcelona នៅតែរក្សាកំណត់ត្រា មិនចាញ់របស់ពួកគេបានដដែល គិតត្រឹមសប្តាហ៍នេះ ដោយបន្តមកបំបាក់ក្រុម Deportivo La Coruna ក្នុងលទ្ធផល ៤-២ ក្លាយជាម្ចាស់ជើងឯក Laliga រដូវកាល​ ២០១៧-២០១៨ នេះ។

បន្ទាប់ពីរបូតពាន Laliga កាលពីរដូវកាលមុន ដោយក្រុម Real Madrid ឆក់យកបាននោះ នៅរដូវកាលនេះវិញ ក្រុម Barcelona បានដណ្តើមយកមកវិញ​ហើយ បើទោះបីជានៅសល់ការប្រកួតមិនទាន់បញ្ចប់ក៍ដោយ។ Barcelona បានបើការនាំមុខ ២គ្រាប់មុន តាមរយ:ការស៊ុតរបស់ Philippe Coutinho នៅនាទីទី៧ និង១គ្រាប់ទៀតនៅនាទីទី៣៨ ស៊ុតដោយ Lionel Messi ។

Deprtivo La Coruna បានវាយបកតាមស្មើមកវិញ ២-២ ស៊ុតបញ្ចូលទី​ដោយ កីឡាករ Lucas Perez នៅនាទីទី៤០ និង១គ្រាប់ទៀតស៊ុតដោយ Emre Colak នៅនាទីទី៦៤ ជាហេតុធ្វើឲ្យការប្រកួតកាន់តែតានតឹងយ៉ាងខ្លាំង។ យ៉ាងណាវិញ នៅនាទីទី៨២ Lionel Messi ស៊ុតឲ្យក្រុម Barcelona នាំមុខសារជាថ្មីម្តងទៀត រហូតដល់នាទីទី៨៥ កីឡាករឆ្នើមអាហ្សង់ទីនរូបនេះ អាចរកគ្រាប់បាល់ Hat trick ធ្វើឲ្យ Barcelona យកឈ្នះក្នុងលទ្ធផល ៤-២ ក្លាយជាជើងឯក Laliga រដូវកាលនេះវិញ។

គួរបញ្ជាក់ផងដែរថា Barcelona បានក្លាយជាជើងឯក Laliga រដូវកាល ២០១៧-២០១៨ នេះ ក្រោយពីនាំមុខក្រុម Atletico Madrid ១១ពិន្ទុដាច់ ដោយនៅសល់៤ប្រកួតក្នុងដៃ ស្របពេលដែល Atletico Madrid នៅសល់តែ ៣ប្រកួតទៀតប៉ុណ្ណោះ។

//www.youtube.com/watch?v=aXo3p4rAvYY

មតិយោបល់