ព័ត៌មានកីឡា

Man City មិនផ្តល់ក្តីសង្ឃឹមឲ្យ Man Utd ឡើយ

ក្រុម Manchester City ពិតជាមិនធ្វើឲ្យក្រុមបីសាចក្រហម Manchester United មានសង្ឃឹមច្រើនក្នុងការឈ្នះពាន Premier League ឡើយដោយយប់​មិញនេះ ក្រុមកំពូលតារាង Premier League បានសម្ញែងសាច់ដុំយ៉ាងខ្លាំងលើ​ក្រុម Leicester City ។

ជាការពិតណាស់ Manchester City ស៊ុតដូចជាមិនទុកមុខឲ្យក្រុម Leicester City ឡើយយប់មិញនេះ ដោយបំបាក់យ៉ាងចាស់ដៃក្នុងលទ្ធផល ដល់ទៅ ៥-១ លើគូប្រកួត។ ក្នុងនោះដែរខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ពិតជាស៊ុតមិនសំចៃឡើយ ដោយកីឡាកររូបនេះ ស៊ុតដល់ទៅ ៤គ្រាប់ក្នុងចំណោម ៥គ្រាប់ដែល Manchester City ទម្លាយសំណាញ់ទីក្រុម Leicester City ។ ៥គ្រាប់របស់ Man City រកបានដោយ Raheem Sterling ១ គ្រាប់ ស៊ុតបាននៅនាទីទី ៣ និង ៤ គ្រាប់ទៀតរកបានដោយ Sergio Aguero ស៊ុតនៅនាទីទី ៤៨, ៥៣, ៧៧ និង ៩០ ខណ:ក្រុម Leicester City វិញ អាចវាយបកបាន១គ្រាប់មកវិញ តាមរយ:ការស៊ុតរបស់កីឡាករ Jamie Vardy នៅនាទីទី ២៤ ។

ដូច្នេះហើយ​ ក្រុម Manchester City បានបន្តឈរកំពូលតារាង Premier League យ៉ាងមានសុវត្ថិភាពដដែល ដោយនាំមុខលើក្រុមបីសាចក្រហម Manchester United ចំនួន ១៦ ពិន្ទុ ខណ: Man Utd នៅសល់ ១ ប្រកួតក្នុងដៃទៀត។

https://www.youtube.com/watch?v=9ns4gxsQl8Q

មតិយោបល់