ខ្សែប្រយុទ្ធ ដែលទើបនាំចូលថ្មី របស់ក្រុមបីសាចក្រហម Manchester United កីឡាករ Romelu Lukaku ពិតជាខ្សែប្រយុទ្ធវ័យក្មេងប្រកបទៅដោយថាមពល និងសមត្ថភាពយ៉ាងល្អបំផុត។
ជាក់ស្តែងណាស់ ក្នុងការប្រកួតដណ្តើមពាន UEFA Super Cup ជាមួយក្រុម Real Madrid ខ្សែប្រយុទ្ធប៊ែលហ្ស៊ិកចំណូលថ្មីរូបនេះ បានរកគ្រាប់បាល់បាន១ គ្រាប់ឲ្យក្រុមបីសាចក្រហម Manchester United តាមពីក្រោយក្រុម Real Madrid ២-១ ។ ១គ្រាប់ ជាមួយ Real Madrid នេះ គឺជាគ្រាប់បាល់ទី៤ ហើយសម្រាប់ខ្សែប្រយុទ្ធចំណូលថ្មីរូបនេះ មុនការប្រកួត Premier League ឈានចូលមកដល់ នៅចុងសប្តាហ៍នេះ។ គួរបញ្ជាក់ផងដែរថា Lukaku បានបង្ហាញខ្លួន ចំនួន៧ប្រកួតកន្លងមកហើយឲ្យក្រុម បីសាចក្រហម Manchester United ដោយរូបគេរកបានគ្រាប់បាល់ចំនួន ៤គ្រាប់ឲ្យក្រុម។ ក្នុងនោះដែរ គ្រាប់បាល់ដំបូងរបស់ Romelu Lukaku រកបានក្នុងជំនួបជាមួយក្រុម Real Salt Lake, គ្រាប់ទី២ រកបានក្នុងការប្រកួតជាមួយ Manchester City, គ្រាប់ទី៣ ក្នុងជំនួបជាមួយក្រុម Valerenga និងគ្រាប់ចុងក្រោយនេះ រកបានក្នុងជំនួបជាមួយ Real Madrid ក្នុងពាន UEFA Super Cup នេះ។
តាមរយៈ សមត្ថភាព កន្លងមកនេះ បានធ្វើឲ្យលោក Jose Mourinho និងអ្នកគាំទ្រ Man Utd ទាំងអស់ ជឿជាក់ថា Lukaku អាចស៊ុតចូលទីគូប្រកួត នៅ Premier League រដូវកាលថ្មីនេះ មិនតិចជាង ២០គ្រាប់ឡើយ។ ដូច្នេះហើយ Romelu Lukaku នឹងជួយឲ្យក្រុម Manchester United កាន់តែប្រសើរក្នុងរដូវកាលនេះ ខណៈ ក្រុមបីសាចក្រហម មួយនេះ ជាបេក្ខភាពយ៉ាងសំខាន់ ក្នុងការឈ្នះពាន Premier League ។
មតិយោបល់