ក្រុមតោខៀវ Chelsea បានសម្រេចចិត្ត មកប្រមាញ់ ខ្សែប្រយុទ្ធវ័យក្មេងអ៊ីតាលី Andre Belotti ជាថ្មីម្តងទៀត ដើម្បីយកមកចាប់ដៃគូ ជាមួយកីឡាករ Alvaro Morata ។
បើតាម express news បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានងាកមករក ការចាប់អារម្មណ៍ លើខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ របស់ក្រុម Torino កីឡាករ Andre Belotti ជាថ្មីម្តងទៀត។ ជាការពិតណាស់ លោក Antonio Conte បានចាប់អារម្មណ៍ ខ្សែប្រយុទ្ធវ័យក្មេង រូបនេះ តាំងពីចុងរដូវកាលមុនមកម្លេះ ក៍ប៉ុន្តែ ក្រោយពីលោក បានទិញ Alvaro Morata ពី Real Madrid រួចមក អ្នកខាត់ការរូបនេះ បង្អាក់ការតាមទិញ Belotti វិញ។ ក៍ប៉ុន្តែ ការនាំយក Morata មកកាន់ Chelsea នៅមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះថាតំបន់ប្រយុទ្ធ នៅស្ទើនៅឡើយ ខណះខ្សែប្រយុទ្ធ Michy Batshuayi មិនមុតស្រួច ចំណែក Morata មិនអាចលេងទោលតែឯង និងស្របពេលដែល Diego Costa មិនមានបំណង ចង់លេងនៅ Chelsea ទៀតឡើយ បើទោះបី មានការកោះហៅមកហ្វឹកហាត់វិញក្តី។
ដូច្នេះហើយ ក្រុម Chelsea នឹងចំណាយទឹកប្រាក់ខ្ទង់៧០លានផោន ដើម្បីនាំយក Andre Belotti មកចាប់ដៃគូ នៅតំបន់ប្រយុទ្ធ ជាមួយ Morata ។ គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុននេះ Belotti បង្ហាញខ្លួន ឲ្យក្រុម Torino បាន ៣៥ប្រកួត និងស៊ុតបាន ២៦គ្រាប់ឲ្យក្លិប។
មតិយោបល់