ព្រះសីហនុៈ កម្លាំងនៃផែនអន្តោប្រវេសន៍ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងផ្ទះជួលមួយកន្លែង ឃាត់ខ្លួនបានជនជាតិចិនម្នាក់ ចំណែក៥នាក់ទៀត គេចខ្លួនបាត់ ក្រោយពីរកឃើញថា ទីតាំងនេះមានការពាក់ពន្ធ័នឹង បទល្មើស ឆបោក និងលួចលាក់បើក លេងល្បែងតាមប្រព័ន្ធអុីនធើណេតខុសច្បាប់ ដោយធ្វើការដកហូតបានវត្ថុតាងមួយចំនួនធំផងដែរ។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល ក្នុងក្រុម៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រតិបត្តការនេះ មានការដឹកនាំនិងសម្របសម្រួលផ្លូវច្បាប់ ដោយលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក្នុងនោះសមត្ថកិច្ចបានរកឃើញនូវសម្ភារៈមួយចំនួន ដូចជា៖ កុំព្យូទ័រ Laptop ចំនួន ៣គ្រឿង ,សម្ភារៈ Flash សម្រាប់ផ្ទេរលុយចេញចូល មួយចំនួនធំ ,សុីមកាត សម្រាប់ប្រើប្រាស់ មួយចំនួន និងរថយន្ត Lexus RX300 ចំនួន២គ្រឿង មានពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2R-4774 និង រថយន្ត Lexus 300 ពណ៌ទឹកមាស ស្លាកលេខ 2W-6115 ។
ក្នុងនោះ សមត្ថកិច្ចបានឃាត់បានជនជាតិចិនម្នាក់។ ចំណែក៥នាក់ ទៀតបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចមកដល់ ដែលមានឈ្មោះ Wang Chao ភេទប្រុស សញ្ជាតិចិន កើតថ្ងៃទី២៦ មករា ១៩៨៧ ប្រើប្រាស់លិខិតឆ្លងដែនលេខ E47769717 ផុតសុពលភាពថ្ងៃទី៦ មេសា ២០២៥ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូង និងស្រាវជ្រាវបន្ថែមរកបក្ខពួករបស់ជនល្មើសបន្ថែមទៀត៕
មតិយោបល់