ក្រុមបាល់ទាត់ជម្រើសជាតិចិន កំពុងតែត្រៀមប្រកាសតំណែងគ្រូបង្វឹកថ្មីហើយ គឺយកលោក Marcello Lippi ដែលជាគ្រូបង្វឹកម្នាក់ធ្លាប់ដឹកនាំក្រុម Juventus និងជម្រើសជាតិអ៊ីតាលីឈ្នះពាន FIFA World Cup ។
ក្រោយពីគ្រូបង្វឹកចាស់បានលាលែងតំណែងទៅ ក្រុមជម្រើសជាតិចិនមិនទាន់បានរកឃើញអ្នកដឹកនាំថ្មីនៅឡើយទេ ពោលគឺតំណែងនៅទំនេរនៅឡើយ ប៉ុន្តែសហព័ន្ធបាល់ទាត់ចិនបានរកអ្នកសក្ដិសមឃើញហើយ នៅឡើយតែចរចាគ្នាបន្តិចទៀតប៉ុណ្ណោះ។ លោក Marcello Lippi គឺជាបុគ្គលម្នាក់គត់ ដែលត្រូវបានគេគិតថាអាចនឹងឡើងកាន់តំណែងនេះនៅពេលខាងមុខ។
បុរសជនជាតិអ៊ីតាលីខាងលើនេះ ជាគ្រូបង្វឹកម្នាក់ជោគជ័យមែនទែន ដោយលោកធ្លាប់ដឹកនាំក្រុម Juventus ឈ្នះពានរង្វាន់ UEFA Champions League និងក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup ថែមទៀតផង។ មួយវិញទៀត បុរសវ័យ៦៨ឆ្នាំរូបនេះក៏ធ្លាប់មកដឹកនាំក្រុមបាល់ទាត់នៅចិនម្ដងមកហើយ គឺក្លឹប Guangzhou Evergrande ហើយក៏ទទួលបានជោគជ័យដែរ។
បច្ចុប្បន្នលោក Lippi ក្លាយជាមនុស្សម្នាក់ដែលប្រជាជនអ៊ីតាលីពេញចិត្ត ស្រលាញ់ខ្លាំងណាស់ ហើយថែមទាំងមានមុខងារនៅសហព័ន្ធបាល់ទាត់អ៊ីតាលីដែរ។ ត្បិតតែយ៉ាងនេះក្ដី ដោយសារតែចិនមានគោលបំណងធំ ហើយថែមទាំងចង់ឱ្យវិស័យបាល់ទាត់រីកចំរើននោះ អាចនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីឱ្យបុរសជោគជ័យរូបនេះ ទៅ ដឹកនាំ៕
មតិយោបល់