ព័ត៌មានសុខភាព

ងាយៗមិនបាច់ហត់! ទទួលទានទឹកក៏អាចសម្រកទម្ងន់ដែរ

ជាទូទៅក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យមនុស្សគ្រប់រូបទទួលទានទឹកយ៉ាងហោចណាស់ពីរលីត្រ ដើម្បីបំពេញតម្រូវការរាងកាយពេញមួយថ្ងៃ។ ប៉ុន្តែរឿងមួយទៀតដែលគ្រប់គ្នានឹកស្មានពុំដល់ គឺការទទួលទានទឹកបានត្រឹមត្រូវក៏អាចជួយសម្រកទម្ងន់ផងដែរ។

បើយោងតាមការស្រាវជ្រាវមួយ ដែលបានធ្វើឡើងដោយសមាគមន៍ American Chemical Society ប្រទេសអាមេរិក ក្នុងឆ្នាំ ២០១០ បានបង្ហាញថា វិធីសម្រកទម្ងន់ដែលល្អបំផុត គឺការទទួលទានទឹកមុនពេលញ៉ាំអាហារ។

ការស្រាវជ្រាវនេះ មានអ្នកចូលរួមចំនួន ៤៨នាក់ ដែលមានអាយុចាប់ពី ៥៥ ដល់៧៥ឆ្នាំ ហើយការសាកល្បងមានរយៈពេល ១២សប្តាហ៍។ ចំណែកឯអ្នកចូលរួមត្រូវបែងចែកជាពីរក្រុម គឺមួយក្រុមផឹកទឹកពីរកែវមុនពេលញ៉ាំអាហារគ្រប់ពេល និងមួយក្រុមទៀតមិនបានទទួលទានឡើយ។ លទ្ធផលរកឃើញថា អ្នកដែលផឹកទឹកមុនពេលទទួលទានអាហារ បានស្រកទម្ងន់ជាមធ្យម ៧គីឡូក្រាម។

វេជ្ជបណ្ឌិត Brenda Davy មានប្រសាសន៍ថា »តាមរយៈការស្រាវជ្រាវ យើងបានរកឃើញមនុស្សវ័យកណ្តោល និងមនុស្សវ័យចំណាស់ដែលផឹកទឹកពីរកែវ មុនពេលទទួលទានអាហារ អាចកាត់បន្ថយប្រមាណជា ៧៥ ទៅ ៩០កាឡូរី ក្នុងអំឡុងពេលទទួលទានអាហារ។

បន្ថែមលើសពីនេះទៅទៀត អ្នកដែលផឹកទឹកមុនពេលញ៉ាំអាហារទាំងបីពេលក្នុងមួយថ្ងៃ អាចស្រកទម្ងន់២គីឡូក្រាម បើធៀបទៅនឹងអ្នកដែលទទួលទានអាហារដោយមិនបានផឹកទឹក។ ដូច្នេះ វិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការសម្រកទម្ងន់ អ្នកគួរតែព្យាយាមផឹកទឹកឲ្យបានច្រើនមុនពេលទទួលទានអាហារ។»

ទោះជាយ៉ាងនេះក្តី ដើម្បីស្រកទម្ងន់ ហើយមានសុខភាពល្អ សូមកុំភ្លេចធ្វើការហាត់ប្រាណជាប្រចាំ និងជៀសវាងរបបអាហារដែលសម្បូរជាតិខ្លាញ់ច្រើន៕

ប្រភពៈ soha

មតិយោបល់