ព័ត៌មានកីឡា

អាឡឺម៉ង់ បន្តយកឈ្នះឆេក យ៉ាងប្រថិតប្រថោយ

ក្រុមការពារតំណែងជើងឯក World Cup អាឡឺម៉ង់ រកបាន៣ពិន្ទុ នៅចុងម៉ោងដែលធ្វើឲ្យក្រុមឆេក ខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនេះ។

នេះគឺជាជ័យជម្នះ ៧លើកជាប់ៗគ្នាហើយ របស់អាឡឺម៉ង់ ក្នុងការប្រកួតជម្រុះ World Cup នៅក្នុងពូលC ដោយមិនទាន់ស្គាល់ថាចាញ់ និងស្មើឡើយ។ ជាក់ស្តែងណាស់ ក្នុងការប្រកួតជុំទី៧ នេះក្រុមជើងខ្លាំងអាឡឺម៉ង់ បានបន្តយកឈ្នះលើក្រុម ម្ចាស់ផ្ទះសាធារណរដ្ឋឆេក ២-១ នៅចុងម៉ោងទៅហើយនោះ។ ជាការពិតណាស់ ក្រុមអាឡឺម៉ង់ រកបាន១គ្រាប់នាំមុខ តាំងពីនាទីទី ៤ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Timo Werner ដែលធ្វើឲ្យមានគ្រាប់បាល់នាំមុខមុន នៅតង់ទី១។ យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះ ឆេក បានព្យាយាមយ៉ាងខ្លាំង រហូតដល់អាចរកគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី ៧៨ ដោយកីឡាករ Vadimir Darida ។

១គ្រាប់នេះ គឺជាក្តីសង្ឃឹមរបស់ឆេក ក្នុងការរកបាន១ពិន្ទុ បន្ថែមពីការជួបជាមួយក្រុមខ្លាំង តែត្រូវបានខកចិត្តទៅវិញ ព្រោះថានៅចុងម៉ោងទៅហើយ ពោលនៅនាទីទី ៨៨ ខ្សែការពារ Mats Hummels រកបានគ្រាប់ជ័យជម្នះឲ្យ អាឡឺម៉ង់ ក្នុងជុំទី ៧នេះបន្តទៀត។ តាមរយៈការប្រកួតនេះ អាឡឺម៉ង់ ឈ្នះទាំង ៧ប្រកួត មាន ២១ ពិន្ទុ ខណះក្រុមអៀរឡង់ខាងជើង ឈរលេខ២ មាន ១៦ពិន្ទុ។

មតិយោបល់