ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Cristiano Ronaldo របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបំបែកកំណត់ត្រា របស់ស្តេចបាល់ទាត់ Pele ក្នុងការទាត់បញ្ចូលទីឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេ។
ក្រោយពីរកបាន Hat trick ក្នុងជំនួបជាមួយក្រុម Faroe Islands កំពូលខ្សែប្រយុទ្ធដ៍ឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo បានបំបែកកំណត់ត្រាទាត់ចូលទីឲ្យក្រុមជម្រើសជាតិ ច្រើនជាងស្តេចបាល់ទាត់ Pele របស់ប្រេស៊ីល។ តាមរយៈ ៣គ្រាប់បន្ថែមនេះ Ronaldo រកបាន ៧៨គ្រាប់ហើយឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ខណៈ Pele រកបានត្រឹម ៧៧គ្រាប់ប៉ុណ្ណោះ ( ១៩៥៧-១៩៧១ ) ឲ្យក្រុមជម្រើសជាតិប្រេស៊ីល។ ថ្វីបើ Ronaldo អាចបំបែកគ្រាប់បាល់របស់ស្តេចបាល់ទាត់ Pele មែន តែតារាដ៍មានប្រជាប្រិយរូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ បានចំនួន ១៤៤ប្រកួត ចំណែក ស្តេចបាល់ទាត់ Pele វិញ បង្ហាញខ្លួនត្រឹម ៩២ប្រកួតប៉ុណ្ណោះឲ្យក្រុមជម្រើសជាតិ។ យ៉ាងណាវិញ Ronaldo មិនទាន់បញ្ចប់ការទាត់បញ្ចូលទីឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ឡើយ ព្រោះថា តារារះមិនងាយលិច រូបនេះ នៅបន្តយុទ្ធនាការណ៍ជាច្រើនទៀត ជាមួយព័រទុយហ្គាល់។
គួរបញ្ជាក់ផងដែរថា ថ្វីបើ Ronaldo អាចបំបែកកំណត់ត្រា របស់ស្តេចបាល់ទាត់ Pele មែន តែតារាឆ្នើមរូបនេះ នៅមិនទាន់បំបែកកំណត់ត្រារបស់កីឡាករអឺរ៉ង់ Ali Daei រកបាន ១០៩គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤៩ប្រកួតឲ្យក្រុមជម្រើសជាតិ។
មតិយោបល់