ព័ត៌មានកីឡា

ដល់ពេលលេងមិនឈ្នះ បន្ទោសអ្នកគាំទ្រ

ប្រធានក្រុមជម្រើសជាតិ កូរ៉េខាងត្បូង Kim Young-gwon បានធ្វើការរិះគន់ ចំពោះអ្នកគាំទ្រ របស់ពួកគេ បន្ទាប់ពីប្រកួតស្មើក្នុងដីខ្លួនឯង ជាមួយក្រុមអ៊ីរ៉ង់ក្នុងការប្រកួតជម្រុះ World Cup ជុំទី៩ ។

បន្ទាប់ពី ប្រកួតបានត្រឹមស្មើជាមួយអ៊ីរ៉ង់ ក្នុងដីខ្លួនឯង ដែលធ្វើឲ្យ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវចាំអុតមើល នៅការប្រកួតចុងក្រោយ ទៀតនោះ បានធ្វើឲ្យកីឡាករក្នុងទីលាន មិនសប្បាយចិត្តឡើយ។ ជាក់ស្តែងណាស់ ប្រធានក្រុមកូរ៉េខាងត្បូង កីឡាករ Kim Young-gwon បានធ្វើការបន្ទោសលើអ្នកគាំទ្រ របស់ពួកគេ ក្នុងការប្រកួតស្មើជាមួយអ៊ីរ៉ង់នេះ។ បើតាម ការចុះផ្សាយរបស់ Asia Sports បានឲ្យដឹងថា Kim Young-gwon មិនពេញចិត្តចំពោះអ្នកគាំទ្រ ដែលនាំគ្នាស្រែកហ៊ោរយ៉ាងខ្លាំង ក្នុងទីលាន ដែលធ្វើឲ្យកីឡាករក្នុងទីលាន ស្តាប់គ្នាមិនលឺ រំខានដល់ស្មារតី ក្នុងការប្រកួត។

Kim Young-gwon បាននិយាយ នៅក្រោយចប់ការប្រកួតថា ពួកយើងបានខំស្រែកខ្លាំងៗ ដើម្បីប្រាប់ទៅកីឡាកររបស់ពួកយើង ដែលបានធ្វើឲ្យពួកយើងទាំងអស់គ្នា ចំណាយកម្លាំងមួយផ្នែក ក្នុងការស្រែករកគ្នា។ ម្យ៉ាងវិញទៀតនោះ ការស្រែកបែបនេះ វាជាការកាត់បន្ថយ កម្លាំងរបស់កីឡាករពួកយើង ដោយត្រូវចំណាយកម្លាំងមួយផ្នែកក្នុងការប្រកួត នឹងមួយផ្នែកទៀត សម្រាប់ការស្រែកប្រាប់គ្នា។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតរវាងក្រុមកូរ៉េខាងត្បូង និងអ៊ីរ៉ង់នេះ មានអ្នកគាំទ្រប្រមាណជា ៦៣០០០នាក់ ដែលភាគច្រើន សុទ្ធសឹងជាអ្នកគាំទ្រ របស់កូរ៉េខាងត្បូង។ យ៉ាងណាវិញ មិនថានៅទីណាទេ អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ តែងតែស្រែកហ៊ោរកញ្ជ្រៀវ ដើម្បីជាការផ្តល់កម្លាំងចិត្តដល់ក្រុមរបស់ខ្លួន។

មតិយោបល់