ព័ត៌មានអន្តរជាតិ

ប្រទេសចិន និងរុស្ស៊ី គាំទ្រការដាក់ទណ្ឌកម្មថ្មី ពីក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ប្រឆាំងនឹងកូរ៉េខាងជើង

UN: តាមប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង និងម៉ូស្គូ បានគាំទ្រលើចំណាត់ការថ្មីមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបនឹងការសាកល្បងអាវុធ នុយក្លេអ៊ែរលើកទី៦ ដ៏មានសក្ដានុពលរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយមួយ ដើម្បីដាក់ទណ្ឌកម្មថ្មី ប្រឆាំងទៅលើទីក្រុងព្យុងយ៉ាង ជុំវិញតេស្តអាវុធរបស់ខ្លួន កាលពីថ្ងៃទី ៣ ខែកញ្ញាកន្លងទៅ បន្ទាប់ពីរបបមួយនេះ បានរំលោភបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខ។

ដោយមានការគាំទ្រពីប្រទេសចិន និងរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតសម្រេចដោយសំទ្បេង ១៥ ទល់នឹង ០ ដើម្បីហាមប្រាមការនាំចេញវាយនភ័ណ្ឌ និងរឹតបន្តឹងការនាំចេញផលិតផលប្រេងពីបណ្ដាលប្រទេសនានា ទៅកាន់កូរ៉េខាងជើង។

ពាក់ព័ន្ធនឹងដំណោះស្រាយនេះដែរ គឺជាកំណែទម្រង់នៃសំណើដើមរបស់អាមេរិក ដែលវាមិនត្រឹមតែមិនអនុញ្ញាត ឲ្យមានការនាំចូលនូវសារធាតុរាវ ឧស្ម័នធម្មជាតិទាំងអស់របស់កូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហាមឃាត់ មិនឲ្យប្រទេសទាំងអស់ ចុះកិច្ចព្រមព្រៀងសម្រាប់ការងារថ្មី ជាមួយកម្មករកូរ៉េខាងជើងទ្បើយ។

គួរបញ្ជាក់ដែរថា វាជាដំណោះស្រាយលើកទី៩ ហើយ ទៅលើបញ្ហាមីស៊ីលផ្លោង និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ ប្រទេសតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ៕

មតិយោបល់