ខ្សែប្រយុទ្ធដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំង នៅ Premier League នារដូវកាលនេះគឺ Romelo Lukaku និង Alvaro Morata សុទ្ធសឹងរកគ្រាប់បាល់ឲ្យក្លិបថ្មីរបស់ពួកគេបានដូចគ្នា ក្នុងសប្តាហ៍ទី៤នេះ។
ថ្វីបើ Lukaku និង Morata អាចរកគ្រាប់បាល់ ឲ្យក្រុម បានដូចគ្នាមែន តែសម្រាប់លទ្ធផលវិញ គឺកីឡាករមិនទទួលបានល្អ ដូចគ្នាឡើយ។ ជាក់ស្តែងណាស់ សម្រាប់ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelo Lukaku បានរកគ្រាប់បាល់ឲ្យក្រុមបីសាចក្រហម Manchester United ក្នុងការប្រកួតជាមួយក្រុម Stoke City តែបានត្រឹមលទ្ធផលស្មើគ្នា ២-២ ប៉ុណ្ណោះ។ ចំណែកខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ក៍បានបង្ហាញខ្លួនយ៉ាងល្អដែរ ដោយរកបាន១គ្រាប់ឲ្យក្រុមតោខៀវ Chelsea ស្របពេលដែល Chelsea បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Leicester City ២-១។ នេះគឺជាការបង្ហាញខ្លួនយ៉ាងល្អរបស់ខ្សែប្រយុទ្ធទាំង២ ដែលតែងតែរកគ្រាប់បាល់ឲ្យក្រុម របស់ពួកគេរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា Morata និង Lukaku សុទ្ធសឹង ជាខ្សែប្រយុទ្ធដែលក្រុម Man Utd និង Chelsea ចង់បានដូចគ្នា ហើយក្រុមទាំង២បានទិញយកបានម្នាក់មួយ នារដូវក្តៅកន្លងមក។ ម្យ៉ាងវិញទៀតនោះ រវាងខ្សែប្រយុទ្ធឆ្នើម Lukaku និង Morata ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅ Premier League ព្រោះថា កីឡាករទាំង២រូបនេះ សុទ្ធសឹងជាខ្សែប្រយុទ្ធដ៍ឆ្នើម ខណៈ Lukaku ជា Top Scorer របស់ក្រុម Everton កាលពីរដូវកាលមុន និង Morata គឺជាខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម Real Madrid ។
រវាង Alvaro Morata និង Romelo Lukaku ត្រូវបានគេជឿជាក់ថា កីឡាករទាំង២ អាចនឹងក្លាយជាខ្សែប្រយុទ្ធដែលប្រជែងស្បែកជើងមាស នៅរដូវកាលនេះ ជាមួយនឹងម្ចាស់ស្បែកជើងមាស ២រដូវកាល Harry Kane ផងដែរ។ ដូច្នេះហើយ រង់ចាំមើលថា Alvaro Morata និង Romelo Lukaku នឹងបន្តធ្វើព្យុះភ្លៀង នៅ Premier League ក្នុងកម្រិតណា។



មតិយោបល់