ក្រុមបីសាចក្រហម Manchester United ពិតជាមិនធ្លាក់ទម្រង់លេងឡើយ ខណៈក្បាច់វាយលុកចុងម៉ោងនៅយប់មិញនេះ ធ្វើឲ្យ Everton ចុកឈាមយ៉ាងខ្លាំងបំផុត។
ជាការពិតណាស់ បីសាចក្រហម Manchester United បានបំបាក់ធ្មុងក្រុម Everton យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ ។ ក្នុងនោះដែរ ៣គ្រាប់ចុងក្រោយ ដែល Man Utd ស៊ុតចូលនោះ សុទ្ធសឹងធ្វើបាននៅចុងម៉ោងនៃតង់ទី២ ទាំងអស់ ដោយចំណាយពេលមិនដល់ ១០នាទីផង ដែលនេះបង្ហាញឲ្យឃើញថា ក្រុមបីសាចក្រហម បានប្រើក្បាច់វាយលុកចុងម៉ោងយ៉ាងអស្ចារ្យបំផុត។ ក្រុម Man Utd បានរកគ្រាប់បាល់ដំបូងតាំងពីនាទីទី៤ ដោយខ្សែការពារស្លាបស្តាំ Antonio Valencia បញ្ជូនដោយ Matic ខណៈលទ្ធផល ១-០ នេះបានអូសបន្លាយរហូតដល់ចប់តង់ទី១ ។
យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ក្រុមទាំង២ បានបន្តការវាយលុកយ៉ាងខ្លាំងទៅវិញទៅមក ក៍ប៉ុន្តែក្រុមភ្ញៀវ Everton បានវាយលុកខ្លាំងជាង ជាហេតុនាំឲ្យមានឱកាសស៊ុតប៉ុន្មានលើក នៅដើមតង់ តែត្រូវបានសង្រ្គោះដោយអ្នកចាំទី Devid De Gea ។ រឿងដ៍អស្ចារ្យបានកើតឡើងនៅចុងតង់ទី២ នៅនាទីទី៨៣ ខ្សែបម្រើប្រយុទ្ធ Mkhitaryan បានទាត់បញ្ចូលទីយ៉ាងស្អាត ក្រោយពីការបញ្ជូនយ៉ាងល្អពីសំណាក់ Lukaku ។ មិនទាន់បានប៉ុន្មានផង ពោលនៅនាទីទី ៨៩ ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku បានទាត់បញ្ចូលទី នៅពេលដែល Lingard តែតមកឲ្យ និង នៅនាទីទី៩០ បូកទៅហើយ ខ្សែការពារ Everton បានយកដៃរាំងបាល់បណ្តើររបស់ Martial ជាហេតុធ្វើឲ្យកីឡាករបារាំងរូបនេះ ទាត់បាល់ ១១ម៉ែត្របានសម្រេច។
ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United តាមទាន់ពិន្ទុក្រុម មេឃខៀវ Manchester City ទាំងពិន្ទុ ១៣ដូចគ្នា និងគ្រាប់បាល់ស៊ុត ១៤គ្រាប់ដូចគ្នា តែ Man City ឈរកំពូលតារាងលើក្រុម Man Utd ។
https://www.youtube.com/watch?v=18psMQ2Q-y0
មតិយោបល់