ក្រុមតោខៀវ Chelsea កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបួសរបស់ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ដែលអាចសម្រាកដល់ ១ខែ ឬច្រើនជាងនេះ បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យ។
ការអវត្តមាន ខ្សែប្រយុទ្ធ Alvaro Morata គឺជាបញ្ហាដ៍ចំបងមួយសម្រាប់ក្រុមតោខៀវ Chelsea នៅពេលនេះ ព្រោះថាក្លិបមួយនេះ មិនសូវមានខ្សែប្រយុទ្ធស្រួចឡើយ ក្រៅពីសម្បូរខ្សែបម្រើប្រយុទ្ធល្អៗនោះ។ ជាក់ស្តែងណាស់ បើតាមការឲ្យដឹងពី Daily Mail បានឲ្យដឹងថា Alvaro Morata អាចប្រឈមនឹងការសម្រាក ១ខែ ឬច្រើនជាងនេះ ដោយសារកីឡាកររូបនេះ បានរងរបួសគន្លាក់ក្បាលជង្គង់ ក្នុងអំឡុងការប្រកួតជាមួយក្រុម Man City កាលពីថ្ងៃសៅរ៍កន្លងមក ដែលអាចធ្វើឲ្យកីឡាកររូបនេះមិនបានលេងឲ្យ Chelsea ចំនួន ៦ប្រកួត ដោយគិតទាំងការជួប Roma ទាំង២ជើង នៅ Champion League ផងដែរ។
ការសម្រាកច្រើន សប្តាហ៍នះដែរ បានក្លាយជាការព្រួយបារម្ភមួយ សម្រាប់ក្រុមតោខៀវ Chelsea ព្រោះថា ក្រៅពី Morata នៅមានតែ Batzuayi ប៉ុណ្ណោះ ដែលអាចលេងប្រយុទ្ធស្រួចបាន ខណៈ Pedro Rodriguez, Eden Hazard, Willians សុទ្ធសឹងលេងបម្រើល្អជាងប្រយុទ្ធទាំងអស់។ ហេតុនេះហើយ Chelsea ដែលកំពុងត្រូវការពិន្ទុ ដើម្បីប្រជែងការពារតំណែងជើងឯកផងនោះ ពិតជាពិបាកយ៉ាងខ្លាំង ក្នុងការលេងដោយអវត្តមាន Morata បែបនេះ។
ប្រហែលជាលោក Antonio Conte នឹងជ្រើសយក Diego Costa មកជំនួស Morata បណ្តោះអាសន្នសិនហើយ ខណៈកីឡាករអេស្ប៉ាញរូបនេះ មិនទាន់ផ្លាស់ជាផ្លូវការណ៍ទៅកាន់ក្រុម Atletico Madrid ឡើយ។ ដូច្នេះហើយ រង់ចាំមើលថា តើ Chelsea នឹងប្រើប្រាស់ខ្សែប្រយុទ្ធរូបណាជំនួសតំណែងរបស់ Alvaro Morata នៅអំឡុងពេលរងរបួសនេះ?
មតិយោបល់