ព័ត៌មានកីឡា

កូរ៉េខាងត្បូង ស៊ុត ៤គ្រាប់តែចាញ់រុស្ស៊ី ៤-២

ក្រុមជម្រើសជាិកូរ៉េខាងត្បូង បានឡើងទៅប្រកួតមិត្តភាព កម្តៅសាច់ដុំនៅប្រទេសរុស្ស៊ីជាមួយក្រុមម្ចាស់ផ្ទះ​World Cup ឆ្នាំក្រោយ តែបាននាំការបរាជ័យត្រឡប់មកផ្ទះវិញ ។

ការបរាជ័យ ៤-២​ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះរុស្ស៊ី មិនមែនជា​រឿងចម្លែកឡើយ សម្រាប់ក្រុមជើងខ្លាំងអាស៊ី កូរ៉េខាងត្បូង ដែលជាប្រទេសតូចមួយក្នុងតំបន់។ យ៉ាងណាវិញ អ្វីដែលជារឿង ដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កូរ៉េខាងត្បូង​បានស៊ុតបញ្ចូលទីដល់ទៅ ៤គ្រាប់ តែបែរជាទទួលបានលទ្ធផល បរាជ័យដល់ទៅ ៤-២ ខណៈក្រុមម្ចាស់ផ្ទះរុស្ស៊ី រកបានត្រឹម ២គ្រាប់ប៉ុណ្ណោះ។ កូរ៉េខាងត្បូង ពិតជាមានការសោកស្តាយយ៉ាងខ្លាំង សម្រាប់ការប្រកួតនេះ ព្រោះថា តាមរយៈការលេងពេញ ៩០នាទី​ ក្រុមអាស៊ីមួយនេះ មិនចាញ់ប៉ុន្មានឡើយ ក្រោមស្នាដៃរុស្ស៊ី តែអ្វីដែលជាកំហុសរបស់កូរ៉េខាងត្បូង នោះ គឺការទាត់ចូលទីខ្លួនឯង​ ២គ្រាប់ដែលធ្វើឲ្យពួកគេបរាជ័យបែបនេះ។

ក្រឡេកទៅមើល គ្រាប់បាល់ទាំង៤គ្រាប់ ដែលកូរ៉េខាងត្បូង​ធ្វើបានទាំងក្នុងទីខ្លួនឯង​ និងរុស្ស៊ី រួមមាន ការទាត់ចូលទីខ្លួនឯង នៅនាទីទី៥៥ និង ៥៧ ដោយកីឡាករ Jou-Young Kim , ការវាយបកវិញ ដោយកីឡាករ Kyung-Won Kwon នៅនាទីទី៨៧ និង កីឡាករ Dong-Won Ji នៅនាទីទី ៩០។ ចំណែកក្រុមម្ចាស់ផ្ទះរុស្ស៊ីវិញ អាចស៊ុតបានត្រឹម ២គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Fedor Smolov នៅនាទីទី ៤៤ និងកីឡាករ Aleksey Miranchuk នៅនាទីទី៨៣​។​ តាមរយៈការស៊ុតខាងលើនេះ បង្ហាញឲ្យ​ឃើញថា ក្រុមម្ចាស់ផ្ទះរុស្ស៊ី បាននាំមុខគ្រាប់បាល់ដល់ទៅ ៤គ្រាប់មុន ខណៈចុងម៉ោងទៅហើយ ទើបក្រុមកូរ៉េខាងត្បូង អាចវាយបកបាន ២គ្រាប់វិញ។

ដូច្នេះហើយ ថ្វីបើ កូរ៉េខាងត្បូងអាចស៊ុតបាន ៤គ្រាប់ក្នុងការប្រកួតនេះមែន តែការទាត់ចូលទីខ្លួនឯង ២គ្រាប់បានក្លាយជាគ្រាប់បាល់​មាស ឲ្យរុស្ស៊ីជាអ្នកឈ្នះ ៤-២ វិញ។

https://www.youtube.com/watch?v=6vNa-AehbXU

មតិយោបល់