ក្រុមជើងខ្លាំងអាស៊ី សាម៉ូរ៉ៃជប៉ុន ពិតជាមានការខកចិត្តយ៉ាងខ្លាំង ក្រោយពីលេងមិនឈ្នះក្រុមមិនសូវលឺឈ្មោះ ហៃទីក្នុងលទ្ធផល ៣-៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ កម្តៅសាច់ដុំក្នុងដីខ្លួនឯង។
នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ សម្រាប់ក្រុមសាម៉ូវ៉ៃជប៉ុន ដែលមិនអាចយកឈ្នះ សូម្បីតែក្រុមតូចមួយ ដូចជាហៃទី ក្នុងការប្រកួតមិត្តភាព ក្នុងដីខ្លួនឯង។ ជាក់ស្តែងណាស់ មិនត្រឹមតែមិនអាចផ្តួល ហៃទី បានយ៉ាងស្រួលហើយនោះ ជប៉ុនប៊ិះ នឹងចាញ់ក្រុមហៃទី ក្នុងការប្រកួតនេះទៀត ខណៈកីឡាករ Shinji Kagawa គឺជាវីរបុរសរបស់ជប៉ុន ដែលអាចរកគ្រាប់បាល់តាមស្មើ នៅចុងម៉ោងនៃការប្រកួតតង់ទី២ ។ ជប៉ុនបានវាយលុក នាំមុខមុន រហូតដល់ទៅ ២គ្រាប់ ដែលគ្រាប់ទី១ រកបានដោយកីឡាករ Shu Kurata នៅនាទីទី ៧ និង កីឡាករ Kenyu Sugimoto នៅនាទីទី ១៧ ។
ក៍ប៉ុន្តែ ២គ្រាប់យ៉ាងលឿនរបស់ជប៉ុននេះ មិនបានធានាសុវត្ថិភាព ឬជប៉ុនអាចបន្ថែម គ្រាប់បាល់បានទៀតឡើយ បែរជាត្រូវក្រុមភ្ញៀវ ហៃទី វាយបក បាន ៣គ្រាប់វិញ ដោយការស៊ុតរបស់កីឡាករ Kevin Pierre Lafrance នៅនាទីទី ២៨ និងកីឡាករ Duckens Nazon រកបាន ២គ្រាប់ នៅនាទីទី ៥៣ និង ៧៨ ដែលធ្វើឲ្យហៃទី វាយបកបញ្ច្រាស់វិញ លើក្រុមម្ចាស់ផ្ទះជប៉ុន ៣-២ ។ យ៉ាងណាវិញ ជប៉ុន បានខិតខំវាយបកយ៉ាងខ្លាំងក្លា រហូតដល់ចុងម៉ោង នៅនាទីទី ៩០ បូកទៅហើយនោះ កីឡាករ Shinji Kagawa បានរកគ្រាប់បាល់តាមស្មើមកវិញ ឲ្យក្រុមសាម៉ូរ៉ៃជប៉ុន។
ដូច្នេះហើយបញ្ចប់ការប្រកួតមិត្តភាព នេះ ក្រុមជម្រើសជាតិជប៉ុន លេងបានត្រឹមស្មើ ៣-៣ ប៉ុណ្ណោះ ជាមួយក្រុមមិនសូវលឺឈ្មោះ ហៃទី។
https://www.youtube.com/watch?v=4SlKyPcQSSA
មតិយោបល់