Post News Media ព័ត៌មានកីឡា តោះ! ចូលរួមទស...

តោះ! ចូលរួមទស្សទាយលទ្ធផលរវាង Real Madrid និង Tottenham យប់នេះ ខណ: Bale និង Modric ត្រូវប្រឈមជាមួយក្លិបចាស់

កីឡាករសំខាន់ ២រូបរបស់ក្រុមស្តេចស Real Madrid គឺខ្សែប្រយុទ្ធ Gareth Bale និង Luka Modric ត្រូវប្រឈមជាមួយអតីតក្លិបចាស់ របស់ពួកគេ​ Tottenham Hotspurs ក្នុងការប្រកួត Champion League ជើងទី៣ វេលាម៉ោង ១​ និង ៤៥នាទីរំលងអាធ្រាត្រយប់នេះ។

ការប្រកួត UEFA Champion League នៅរាត្រីនេះ បានចាប់ផ្តើមឡើងវិញហើយ ក្រោយពីខកខានមួយសប្តាហ៍កន្លងមក ដោយសារតែការប្រកួតជម្រុះ World Cup ។ យ៉ាងណាវិញ ក្នុងយប់នេះ គូដែលត្រូវបានគេមើលឃើញថា ជាការប្រកួតរវាងក្រុមជើងខ្លាំង២ នៅអឺរ៉ុបនោះគឺ​ ជំនួបរវាងក្រុមការពារជើងឯក Real Madrid និងក្រុមមាន់ខ្នាយមាស Tottenham Hotspur ។ ក្រុមទាំង២ នេះសុទ្ធសឹងមិនទាន់ស្គាល់ចាញ់ដូចគ្នា ក្នុងការប្រកួតពីរលើកកន្លងមក ដែលការប្រកួតនេះ ក្រុមទាំង២ ត្រូវការឈ្នះដូចគ្នា ដើម្បីគ្រងតំណែងកំពូល​តារាង។ ក៍ប៉ុន្តែ Real Madrid ហាក់មានឱកាសឈ្នះច្រើនជាង ព្រោះថា ការប្រកួតនេះ​ លេងក្នុងដីខ្លួនឯង ស្របពេលដែល Tottenham បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតនេះដែរ។

យ៉ាងណាវិញ សម្រាប់កីឡាកររបស់ Real Madrid ២រូប គឺ Gareth Bale និង Luka Modric ហាក់ពិបាកបន្តិច ព្រោះថាកីឡាករទាំង២ រូបនេះ ត្រូវប្រឈមជាមួយក្លិបចាស់ របស់ខ្លួន។ Bale ត្រូវបានផ្លាស់ពីក្រុម Tottenham មកកាន់ Real Madrid ក្នុងតម្លៃ ៨៥,៣លានផោន កាលពីចុងឆ្នាំ ២០១៣ កន្លងមក ចំណែក Modric វិញ បានចាកចេញពី Tottenham មកកាន់ Real Madrid កាលពីឆ្នាំ ២០១២ ក្នុងតម្លៃ ៣០លានផោន។ ដូច្នេះហើយ កីឡាករទាំង២ រូបនេះ ត្រូវប្រឈមជាមួយក្លិបចាស់របស់ពួកគេជាថ្មីម្តងទៀត ដែលលើកនេះ មិនមែនលេងឲ្យក្លិបឡើយ គឺត្រូវប្រកួត​ក្នុង​នាមជាគូបដិបក្ខនឹងគ្នា។

សូមរំលឹកផងដែរថា Real Madrid និង Tottenham ធ្លាប់ជួបគ្នាតែ ៤លើកប៉ុណ្ណោះ ក្នុងការប្រកួតនៅ Champion League ដោយ Real Madrid ឈ្នះ ៣ប្រកួត និងស្មើ១ ប្រកួតខណ: Tottenham មិនដែលឈ្នះ Real Madrid ឡើយ។

ខាងក្រោមនេះជាស្ថិតិការប្រកួតរវាងក្រុមទាំង២ ៖
-ថ្ងៃទី ៦ មីនា ១៩៨៥ Tottenham​ ០-១ Real Madrid
-ថ្ងៃទី ២០ មីនា ១៩៨៥ Real Madrid ០-០ Tottenham
-ថ្ងៃទី ៥ មេសា ២០១១ Real Madrid ៤-០ Tottenham
-ថ្ងៃទី ១៣ មេសា ២០១១ Tottenham ០-១ Real Madrid