ក្រុមរងជើងឯក Premier League រដូវកាលមុន Tottenham Hotspurs បានបើកទ្វារទទួលក្រុមហង្សក្រហម Liverpool យ៉ាងកក់ក្តៅ យប់មិញនេះ ស្របពេលដែលខ្សែប្រយុទ្ធ Harry Kane នៅតែធ្វើបានល្អក្នុងការប្រកួតនេះ ក្រោមក្រសែភ្នែកអ្នកទស្សនាជុំវិញពិភពលោក។
ជាក់ស្តែងណាស់ Tottenham បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយអាចបំបាក់ក្រុមហង្សក្រហម Liverpool ដែលជាក្រុមខ្លាំងមួយនៅ Premier League រហូតដល់ទៅ ៤-១។ ៤គ្រាប់របស់ក្រុម មាន់ខ្នាយមាសTottenham រកបានដោយ ខ្សែប្រយុទ្ធកំពុងល្បីល្បាញ Harry Kane ចំនួន ២គ្រាប់ ដោយស៊ុតនៅនាទីទី ៤ និង៥៦, Heung-Min Son នៅនាទីទី១២ និងកីឡាករ Dele Alli នៅនាទីទី ៤៥ ខណៈក្រុមហង្សក្រហម Liverpool អាចតដៃ បានត្រឹម១គ្រាប់វិញ ប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Mohamed Salah នៅនាទីទី២៤។ ដូច្នេះហើយ ក្រុម Tottenham បានរំកិលឡើងមកកាន់លេខ៣ ក្នុងតារាង ដោយមាន ២០ពិន្ទុស្មើក្រុមបីសាចក្រហម Manchester United និងតាមពីក្រោយ ៥ពិន្ទុជាមួយក្រុមកំពូលតារាង Manchester City។
ចំណែកខ្សែ កំពុងតែមានប្រជាប្រិយភាព Harry Kane វិញ កំពុងតែនាំមុខគេ ជាកីឡាករទាត់បានច្រើនជាងគេនៅ Premier League ដោយរូបគេទាត់បាន ៨គ្រាប់ក្នុងចំណោម ៩ប្រកួតកន្លងមក ខណៈ Sergio Aguero ស៊ុតបាន ៧គ្រាប់ Romelu Lukaku និង Gabriel Jesus ទាត់បានត្រឹម ៦គ្រាប់ប៉ុណ្ណោះ។ ដូចនេះហើយ Harry Kane អាចនឹងឈ្នះស្បែកជើងមាស ៣រដូវកាលជាប់ៗគ្នាក៍ថាបាន។


https://www.youtube.com/watch?v=HQGznvxaBZg
មតិយោបល់