ព័ត៌មានកីឡា

យុវជន អាយុក្រោម ១៧ឆ្នាំអង់គ្លេស​ឈ្នះពាន World Cup ខណៈឈុតធំ កំពុងសម្លឹងឱកាស

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៧ឆ្នាំរបស់អង់គ្លេស ពិតជាធ្វើបានយ៉ាងល្អ ដោយអាចបំបាកមក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់​អេស្ប៉ាញ ក្នុងលទ្ធផល ៥-២ ក្លាយជាម្ចាស់ជើងឯក World Cup U-17 ។

នេះគឺជាពានទី៣ ហើយដែលយុវជនអង់គ្លេសជំនាន់ក្រោយ បាននាំយកត្រឡប់ទៅកាន់ មាតុភូមិវិញ នៅឡើយតែ ឈុតធំប៉ុណ្ណោះ ដែលមិនទាន់ទទួលបានជោគជ័យ។​ ក្នុងនោះដែរ អង់គ្លេស បានឈ្នះពាន World Cup U-20 កាលពីខែមិថុនា, ពាន European Championship U-19 កាលពីខែកក្កដា និងចុងក្រោយនេះ គឺពាន World Cup U-17 បន្តទៀត ដែលសុទ្ធសឹងជាសមទ្ធិផល នៅក្នុង​ឆ្នាំ ២០១៧ ទាំងអស់។

ជាក់ស្តែងណាស់ យុវជនអាយុក្រោម ១៧ឆ្នាំ របស់អង់គ្លេស​ ពិតលេងបានយ៉ាងល្អ សម្រាប់ព្រឹត្តិការណ៍ ដ៍សំខាន់នេះ ដែលពួកគេសុទ្ធសឹង ជាទំពាំងស្នងឬស្សី របស់អង់គ្លេស នាពេលអនាគត់។ មិនត្រឹមតែយុវជនអង់គ្លេស អាចនាំយកពាន ជូនមាតុភូមិរបស់ពួកគេឡើយ កីឡាករ ២រូប របស់អង់គ្លេស បានឈ្នះពានក្នុងព្រឹត្តិការណ៍នេះដែរ គឺកីឡាករ Brewster ឈ្នះស្បែកជើងមាស ជាកីឡាករស៊ុតបានច្រើនជាងគេ និងកីឡាករយុវជនរបស់ក្រុម Manchester City គឺកីឡាករ Foden បានឈ្នះពានរង្វាន់បាល់មាស ឬកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ World Cup U-17 នេះ ខណៈអ្នកចាំទីប្រេស៊ីល Gabriel Brazoa ឈ្នះស្រោមដៃមាស។

ដូច្នេះហើយ យុវជន ជំនាន់ក្រោយ​របស់អង់គ្លេស បានបំពេញភារកិច្ចយ៉ាងល្អ ជូនជាតិបានហើយ នៅឡើយតែក្រុមជម្រើសជាតិឈុតធំ ប៉ុណ្ណោះ ដែលមិនទាន់សម្រេចបាន ដោយរង់ចាំឆ្នាំក្រោយសិន ថាពួកគេអាចឈ្នះពាន World Cup នៅរុស្ស៊ី ឬយ៉ាងណា?

មតិយោបល់