ក្លឹប Manchester City បានឱ្យតម្លៃខ្លួន Lionel Messi ដល់ទៅ១០០លានផោនឯណោះ ប្រសិនបើក្លឹប Barcelona ព្រមលក់ឱ្យនៅរដូវកាលខាងមុខ ក្រោយពីលេចឮដំណឹងថាការតកុងត្រាថ្មីមិនបានសម្រេច។
Pep Guardiola អ្នកចាត់ការក្រុម Man City ជាអ្នកចេញមុខទៅចរចានាំយកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះ មកអង់គ្លេស ដោយលោកមានសង្ឃឹមច្រើនថាអាចនឹងកើតមានទៅបាន ប្រសិនបើអ្វីគ្រប់យ៉ាងដំណើរការដោយរលូន។ ដោយការចរចានោះ គឺក្លឹបមានម្ចាស់ជាមហាសេដ្ឋីមួយនេះ ហ៊ានដាក់តម្លៃខ្លួនដល់ទៅ១០០លានផោនឯណោះដើម្បីផ្ដាច់កុងត្រាដែលនៅសល់។ ខណៈដែលលក្ខខណ្ឌផ្ទាល់ខ្លួនវិញ ក្រុម Man City នឹងផ្ដល់ឱ្យ Messi ចំនួន ៥០០ ០០០ផោនក្នុងមួយសប្ដាហ៍។
ប្រភពដំណឹងពីអេស្ប៉ាញបានបញ្ជាក់ទៀតថា កុងត្រារបស់ Messi ដែលនៅសល់គឺនឹងអស់នៅឆ្នាំ២០១៨ខាងមុខនេះហើយ ដោយបច្ចុប្បន្ននេះតម្លៃកុងត្រានៅសល់២១៥លានផោន។ ដូច្នេះហើយ បើ Barca មិនអាចចរចាតកុងត្រាបានទេនោះ គឺពួកគេអាចនឹងពិចារណាក្នុងការលក់កំពូលខ្សែប្រយុទ្ធរូបនេះទៅហើយ។
សូមបញ្ជាក់ថា Barcelona បានព្យាយាមនិយាយតកុងត្រាជាមួយខ្សែប្រយុទ្ធវ័យ២៩ឆ្នាំខាងលើនេះ ប៉ុន្មានដងមកហើយកាលពីពេលថ្មីៗនេះ ប៉ុន្តែសុទ្ធតែត្រូវបរាជ័យទាំងអស់ ព្រោះ Messi បានទារតម្លៃខ្លួនប្រចាំសប្ដាហ៍ដល់ទៅ១លានដុល្លារឯណោះទើបព្រមតកុងត្រាទៀត។ ចំណែកឯភាគីខាងក្លឹបវិញ ក៏កំពុងតែនៅពិភាក្សាគ្នានៅឡើយដែរ៕
មតិយោបល់