ព័ត៌មានកីឡា

Spurs កក់កៅអីវគ្គ១៦ក្រុម ចំណែក Real ត្រូវអ៊ុតមើល១ប្រកួតទៀត

ក្រុមមាន់ខ្នាយមាស Tottenham Hotspur ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបំបាក់ក្រុមការពារតំណែងជើងឯក Real Madrid ក្នុងលទ្ធផល ៣-១ នាការប្រកួតក្របខ័ណ្ឌ Champion League សប្តាហ៍ទី៤។

នេះគឺជារឿងដ៍អស្ចារ្យមួយ សម្រាប់ក្រុម Tottenham ក្នុងការផ្តួលក្រុមខ្លាំង Real Madrid ដែលមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបអង់គ្លេស​មួយនេះ។ ជាក់ស្តែងណាស់ Tottenham បានបំបាក់ក្រុម ស្តេចស​ Real Madrid ក្នុងលទ្ធផល ៣-១ ដែលធ្វើឲ្យក្រុម​អង់គ្លេសមួយនេះរុញក្រុម Real Madrid ឲ្យមកឈរលេខ២ ក្នុងតារាងវិញ ដោយ Spurs ជាអ្នកជំនួសតំណែងកំពូលតារាងវិញ។ ៣គ្រាប់របស់​ Spurs រកបានដោយខ្សែបម្រើដ៍មានប្រជាប្រិយភាព Dele Alli ២គ្រាប់ ស៊ុតបាននៅនាទីទី២៧ និង៥៦ រីឯគ្រាប់ទី៣ រកបានដោយខ្សែបម្រើយ៉ាងល្អមួយរូបទៀត គឺកីឡាករ Christian Erikson នៅនាទីទី៦៥។

ចំណែកក្រុម Real Madrid វិញ អាចរកបានត្រឹមតែ១គ្រាប់សងវិញប៉ុណ្ណោះ តាមរយ:ការស៊ុតរបស់កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលរកបាននៅនាទីទី ៨០។ ក្រោយចប់ការប្រកួតនេះ ក្រុម Tottenham មានសុវត្ថិភាព ក្នុងការឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champion League ហើយ ខណ: Real Madrid មិនទាន់សុវត្ថិភាពទាំងស្រុងនៅឡើយទេ ដោយត្រូវរង់ចាំអ៊ុតមើលការប្រកួត ១ប្រកួតទៀត ព្រោះថា Real Madrid មាន ៧ពិន្ទុ ចំណែក Dortmund និង APOEL Nicosia មាន ២ពិន្ទុ ដូចគ្នា ស្របពេលដែលការប្រកួតនៅសល់ ២ប្រកួតទៀត។

ដូច្នេះហើយ Tottenham បានបង្ហាញខ្លួនយ៉ាងល្អ តាមរយ:ការលុតក្រុម Real Madrid ក្នុងលទ្ធផល ៣-១ យប់មិញនេះ ដោយបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកទស្សនាបាល់ទាត់ជុំវិញពិភពលោក។

មតិយោបល់