ព័ត៌មានសុខភាព

មូលហេតុដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះគេងមិនលក់

បើយោងតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ស្ត្រីមានផ្ទៃពោះជាង ៨០ភាគរយកំពុងតែមានបញ្ហាគេងមិនលក់ ឬគេងបានតិច។ ការគេងមិនលក់នេះហើយ ដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះ មានអារម្មណ៍អស់កម្លាំង និងភាពតានតឹងពេលភ្ញាក់ពីគេង។ លើសពីនេះទៅទៀតទម្លាប់គេងមិនលក់រយៈពេលយូរ អាចធ្វើឲ្យអ័រម៉ូនក្នុងរាងកាយស្ត្រីមានការប្រែប្រួល និងបង្កផលវិបាកដល់ទារកនៅក្នុងផ្ទៃថែមទៀត។ ខាងក្រោមនេះ គឺជាមូលហេតុដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះគេងមិនលក់៖

ទារកធ្វើលចនាខ្លាំងពេក
ក្នុងអំឡុងពេលដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ទារកនឹងធ្វើចលនាខ្លាំងនៅក្នុងផ្ទៃ ជួនកាលអាចរំខានដល់ការគេង។ នៅពេលដែលទារកក្នុងផ្ទៃធ្វើចលនាផ្លាស់ប្តូរទីអ្នកអាចភ្ញាក់ពីដំណេក ហើយពិបាកគេងលក់ម្តងទៀតណាស់។

នោមញឹក
ជារឿងធម្មតានោះទេ ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីគ្រប់រូបតែងតែជួបបញ្ហានោមញឹក ព្រោះទារកចេះតែរីកធំបន្តិចម្តងធ្វើឲ្យប្លោកនោមត្រូវគៀបសង្កត់មានចន្លោះទំនេរតិច។ ការឧស្សាហ៍ក្រោយនោមញឹកនេះហើយ ដែលធ្វើស្ត្រីគេងមិនបានគ្រប់គ្រាន់ ជាពិសេសនៅក្នុងត្រីមានចុងក្រោយ។

ថប់អារម្មណ៍ ឬភាពតានតឹង
ការមានផ្ទៃពោះអាចបន្ថែមកម្រិតស្ត្រេស និងបញ្ហាថប់អារម្មណ៍កាន់តែខ្លាំង ដោយសារតែស្ត្រីមានការគិតច្រើនអំពីសុវត្ថិភាព ជាពិសេសអ្នកពពោះលើកដំបូង។ ការគិតច្រើននេះហើយ ដែលធ្វើឲ្យស្ត្រីគេងមិនលក់ ហើយស្ត្រីភាគច្រើនតែងតែជួបបញ្ហានេះនៅត្រីមាសចុងក្រោយ។

អាហារ
ការទទួលទានអាហារ ក៏ជាកត្តាមួយដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះគេងមិនលក់ផងដែរ។ ដូច្នេះ ប្រសិនបើអ្នកចូលចិត្តទទួលទានកាហ្វេ ឬញ៉ាំអាហារផ្សេងទៀតដែលរំខាន់ដល់ការគេង គួរតែកាត់បន្ថយទៅ ហើយគួរតែទៅព្រឹក្សាជាមួយនឹងគ្រូពេទ្យឲ្យបានច្បាស់លាស់។

សុបិនចម្លែក
ស្ត្រីខ្លះអាចមានសុបិនចម្លែកៗ ដែលអាចដាស់ពួកគេឲ្យភ្ញាក់ពីដំណេកភ្លាមៗ ហើយធ្វើឲ្យពួកគេគេងលែងលក់រហូតទាល់ភ្លឺក៏មានដែរ។ តើមូលហេតុអ្វីដែលអាចបណ្តោលឲ្យស្ត្រីមានសុបិនបែបនេះ? ការពិតសុបិនចម្លែកបង្កឡើងដោយសារតែការគិតច្រើនអំពីអនាកគត់ សុខភាពទារក និងការព្រួយបារម្ភផ្សេងទៀត៕

ប្រភព៖ boldsky

មតិយោបល់