ព័ត៌មានកីឡា

PSG ប្រុងកំចាយកីឡាករឆ្នើម២រូបនៅខែមករាខាងមុខនេះ

ក្រុមគ្មានគូប្រៀបនៅ League1 បារាំង Paris Saint Germain កំពុងតែត្រៀមលក់ចេញខ្សែបម្រើ២រូបនៅ​ខែមករាខាងមុខនេះ ដើម្បីឲ្យរួចផុតពីទណ្ឌកម្មរបស់ Uefa’s Financial Fair Play ។

ដើម្បីទិញកីឡាករថ្មីៗបាន នៅខែមករាខាងមុខនេះ ក្រុម Paris Saint Germain នឹលក់ចេញកីឡាករ២រូប ដើម្បីកុំឲ្យ Uefa’s Finanial Fair Play ដាក់ទណ្ឌកម្ម​មិនឲ្យទិញកីឡាករចំណូលថ្មីនោះ។ បើតាម Daily Mail បានឲ្យដឹងថា Paris Saint Germain បានត្រៀមរួចរាល់​ហើយ ក្នុងការលក់ចេញកីឡាករ Lucas Moura និង Angel Di Maria ដើម្បីកាត់បន្ថយការចំណាយខ្ពស់ ឲ្យសរបទៅនឹងតុល្យភាព ដែល Uefa’s Financial Fair Play បានកំណត់។ ជាការពិតណាស់ ក្រុមបារាំងមួយនេះ បានចំណាយលុយយ៉ាងច្រើនកាលពីរដូវក្តៅកន្លងមក ដើម្បីទិញកីឡាករ ជាពិសេសនោះ គឺ Neymar និង​ Mbappe ដែលក្លិបត្រូវចំណាយខ្ទង់ ៤០០លានអឺរ៉ូទៅហើយ ដោយមិនគិតកីឡាករផ្សេងឡើង។

យ៉ាងណាវិញ នៅខែមករាខាងមុខនេះ Paris Saint Germain មានគម្រោងទិញ Alexis Sanchez មួយរូបទៀត ព្រមទាំងកំពុងសម្លឹងអ្នកចាំទីថ្មីបន្ថែមផងដែរ តែដោយសារវាអាចហួសពីតុល្យភាពរបស់ Uefa’s Financial Fair Play ទើបទាមទារឲ្យក្លិបត្រូវលក់ Moura និង Di Maria ដើម្បីរក្សាតុល្យភាព។ ម្យ៉ាងវិញទៀតនោះ កីឡាករទាំង២រូបខាងលើនេះ កំពុងមានទីផ្សារស្រាប់ដែលមិនពិបាកដល់ក្រុម Paris Saint Germain ក្នុងការអន្ទងក្លិបបរទេសឲ្យទិញនោះ​ឡើយ។ យ៉ាងណាវិញ សម្រាប់ខ្សែប្រយុទ្ធ Edinson Cavani បែរជាមិនមានក្នុងបញ្ជីលក់ របស់ Paris Saint Germain ទៅវិញ ព្រោះថាកីឡាករអ៊ុយរ៉ាហ្គាយរូបនេះ កំពុងលេចលឺពត៌មាននៃការចាកចេញពីក្លិបផងដែរ។

ដូច្នេះហើយ ក្រុម Paris Saint Germain កំពុងតែរុះរើក្លិបសារជាថ្មីឡើងវិញ ដោយលក់កីឡាករចាស់ៗ​ ដែលធ្វើឲ្យក្លិបខ្លាំង​ មកស្រវ៉ាយក​កីឡាករល្បីចំណូលថ្មីវិញ។

មតិយោបល់