ព័ត៌មានបច្ចេកវិទ្យា

Clips: កម្មវិធីកែវីដេអូងាយៗពី Apple ចេញជំនាន់ទីពីរ!

លោកអ្នកដែលប្រើប្រាស់ទូរសព្ទដៃ iPhone ឬ iPad ប្រហែលជាធ្លាប់បានស្គាល់ និងប្រើប្រាស់កម្មវិធី​កាត់តវីដេអូដ៏ពេញនិយមមួយឈ្មោះថា Clips ដែលអភិវឌ្ឍដោយក្រុមហ៊ុន Apple ហើយ បន្ទាប់ពីវាត្រូវបានដាក់ឱ្យទាញយកដោយឥតគិតថ្លៃលើកដំបូងកាលពីដើមឆ្នាំ។

Clips មិនមែនបង្កើតឡើងដើម្បីជំនួសកម្មវិធី FinalCut ឬ iMovie នោះទេ ប៉ុន្តែ គឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ឧបករណ៍ចល័ត iOS Devices ក្នុងការកែច្នៃវីដេអូដែលថតចេញពីឧបករណ៍របស់ខ្លួន ដោយមិនចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលអ្វីនោះទេ។

តាមរយ:ជំនាន់ទីពីរនេះ Clips បានពាំនាំមកជាមួយមុខងារថ្មីដ៏សំខាន់ពីរគឺ ផ្ទៃ Background សម្រាប់ការថតរូប Selfie ជាវីដេអូដ៏សម្បូរបែប ហៅថា Selfie Scenes និងគាំទ្រប្រព័ន្ធផ្ទុកទិន្នន័យលើបណ្តាញអីុនធើណែត iCloud។

លោកអ្នកអាចផ្លាស់ប្តូរ ឬជ្រើសរើស Selfie Scenes ផ្សេងៗគ្នា នៅពេលថតរូបខ្លួនឯងជាវីដេអូតាមកាមេរ៉ាមុខ ជាមួយទិដ្ឋភាពខុសប្លែកពីគ្នាចំនួន ១០។ ហើយសម្រាប់អ្នកប្រើប្រាស់ iPhone X ដែលមានបំពាក់ប្រព័ន្ធកាមេរ៉ា TrueDepth  គឺវាអាចញែកផ្ទៃ Background ជាមួយរូបរាងកាយ និងមុខរបស់អ្នកបានយ៉ាងដាច់ស្រឡះតែម្តង។

ក្រៅពីនេះ Clips 2.0 បានដាក់បញ្ចូលមុខងារកែពណ៌រូបភាពឱ្យមានបែបផែនសិល្ប: ដោយប្រើកម្មវិធី Machine Learning ដើម្បីកំណត់ដឹងស្ទីលខុសៗគ្នារបស់អ្នក​ប្រើប្រាស់ម្នាក់ៗ ហើយកែច្នៃវាឱ្យទៅជារូបភាពវីដេអូបែប​គំនូរប្រេង ជក់ ឬខ្មៅដៃពណ៌ ជាដើម។

ដោយសារតែជំនាន់ថ្មីនេះគាំទ្រជាមួយប្រព័ន្ធ iCloud លោកអ្នកមិនត្រឹមតែអាចចែកបន្តវីដេអូជាមួយ iOS Devices ដទៃច្រើនក្នុងពេលតែមួយប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចចាប់ផ្តើមគម្រោងកែកុនវីដេអូមួយ​នៅលើ iPhone ឬ iPad មួយ រួចសឹមបញ្ចប់វានៅលើ iPhone ឬ iPad មួយផ្សេងទៀតបាន។ ម្យ៉ាងទៀត ឯកសារវីដេអូនោះ គឺរក្សាទុកក្នុងបណ្ណាល័យវីដេអូលើ iCloud ដោយមិនមានការជាន់គ្នាទៀតផង៕

ប្រភពព័ត៌មាន: techcrunch

មតិយោបល់