ព័ត៌មានកីឡា

Bakambu ក្លាយជាកីឡាករអាហ្វ្រិកដែលមានតម្លៃខ្លួនផ្ទេរ​ថ្លៃជាងគេបំផុត

ខ្សែប្រយុទ្ធកុងហ្គោ Cedric Bakambu បានក្លាយជាកីឡាករអាហ្វ្រិកដំបូងគេ ដែលមានតម្លៃផ្ទេរខ្ពស់ជាងគេបំផុតបន្ទាប់ពីផ្លាស់ចេញពី​ក្រុម Villarreal របស់អេស្ប៉ាញទៅកាន់ក្រុម Beijing Guoan របស់ប្រទេសចិន។

យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Cedric Bakambu បានផ្លាស់ពីក្រុម Villarreal ទៅកាន់ក្រុម Beijing Guoan ក្នុងតម្លៃ ៦៥លានផោន នឹងទទួលបានប្រាក់ប្រចាំសប្តាហ៍ចំនួន ៣០៧០០០ផោន។ តាមរយៈតម្លៃផ្ទេរនេះ បានធ្វើឲ្យ Bakambu ក្លាយជាកីឡាករអាហ្វ្រិក ដែលមានតម្លៃខ្លួន​ខ្ពស់ជាងគេ ពោលច្រើនជាង Mohamed Salah ដែលផ្លាស់ពី Roma ទៅកាន់ Liverpool ត្រឹម ៣៩លានផោន និង Neby Keita ដែល Liverpool ត្រៀមទិញពី RB Leipzig ក្នុងតម្លៃ ៤៨លានផោន។

គួរបញ្ជាក់ផងដែរថា Cedric Bakambu ចាប់ផ្តើប្រកបអាជីពដំបូងនៅក្រុម Sochaux របស់បារាំងដោយបង្ហាញខ្លួនបាន ១០៧ ប្រកួត ស៊ុតបាន ២១គ្រាប់ក្នុងរយៈពេល ៤រដូវកាល ហើយផ្លាស់ទៅក្រុម​នៅតួគី​ Bursaspor ក្នុងតម្លៃ ១,៥លានផោនកាលពីឆ្នាំ២០១៤ បន្ទាប់មកផ្លាស់មកក្រុម Villarreal នៅឆ្នាំ ២០១៥ ក្នុងតម្លៃ ៦,៥លានផោន និងចុងក្រោយនេះ ផ្លាស់ទៅកាន់ក្លិប Beijing Guoan ក្នុងតម្លៃ ៦៥លានផោន។

ខាងក្រោមនេះ ជាតម្លៃខ្លួនកីឡាករអាហ្វ្រិកទាំង៥រូបដែលមានតម្លៃខ្លួនថ្លៃ​ជាងគេ៖
១. Cedric Bakambu ៦៥លានផោន
២. Mohamed Salah ៣៩លានផោន
៣. Sadio Mane ៣៤លានផោន
៤. Eric Bailly ៣០លានផោន
៥. Islam Slimani ២៨លានផោន

មតិយោបល់