ព័ត៌មានកីឡា

រស់ សំអឿន និយាយអ្វីខ្លះក្រោយចូលរួមជាមួយក្លិប វិសាខា

ខ្សែការពារ រស់ សំអឿន ដែលជាអតីតកីឡាករក្រុមជើងឯកលីគកំពូល ២០១៧ បឹងកេត បន្ទាប់ពីបានមកចូលរួមជាមួយក្លិបចំណូលថ្មីនៃលីគកំពូលកម្ពុជា វិសាខា បានបង្ហាញចំណាប់អារម្មណ៍ទាកទងនឹងការសម្រេចចិត្តមកកាន់ក្រុមជើងឯកលីគទី២ រដូវកាលមុននេះ។

កីឡាករជំ្រើសជាតិកម្ពុជារូបនេះ បាននិយាយថា៖ «សម្រាប់ខ្ញុំការមកកាន់ក្លិបថ្មីនេះ គឺពិបានបន្តិចចំពោះការយល់ចិត្តគ្នា ទាល់តែត្រូវពេលវេលា ២ ទៅ ៣ ខែទៀត។​ ចំពោះការផ្ទេរពីក្លិបបឹងកេត ដែលជាក្រុមជើងឯកលីគកំពូល ទី១ ខ្ញុំបានផុតកិច្ចសន្យាជាមួយក្លិប ទី២ នេះគឺជាការសម្រេចចិត្តរបស់ខ្ញុំ ដើម្បីទទួលបានបទពិសោធន៍ថ្មី ហើយក្លិប វិសាខា មានគោលដៅទៅមុខជានិច្ច។ ចំណែកកីឡាករកូរ៉េខាងជើង ៤នាក់ មកពីក្រសួងការពារជាតិ ដែលខ្ញុំធ្លាប់លេងជាគូប្រជែងកាលនៅក្លិបចាស់ ហើយពេលនេះបានលេងរួមគ្នា ខ្ញុំគិតថាសមត្ថភាពពួកគាត់ខ្លាំងណាស់ ទាំងការគ្រាប់គ្រងបាល់បានល្អ នឹងកីឡាករម្នាក់ទៀតដែលមកថ្មីគឺជាកីឡាករជម្រើសជាតិកូរ៉េខាងជើង។ ខ្ញុំជឿជាក់ថា ទាំងខ្ញុំនឹងកីឡាករដទៃទៀតនឹងអាចជួយក្លិបថ្មីនេះឲ្យសម្រេចបានដល់គោលដៅដែលបានកំណត់»។

សូមបញ្ជាក់ថា ក្លិបវិសាខា បានកំណត់គោលដៅមិនឲ្យនូវក្រោមចំណាត់ថ្នាក់លេខ ៦ ឡើយ សម្រាប់រដូវកាល ២០១៨នេះ នៃលីគកំពូលកម្ពុជា ខណៈដែលមានក្លិបចូលរួមចំនួន ១២ ៕

មតិយោបល់