ក្រុមអធិរាជស Real Madrid បានបង្ហាញនូវខ្ទង់ចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ៥០០លានផោន ក្នុងការទិញកីឡាករល្បី ៣រូប ខណៈ Neymar បែរជាមិនស្ថិតក្នុងបញ្ជីទិញនេះឡើយ។
ថ្វីបើពេលកន្លងមក Real Madrid បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការទិញយក Neymar ពីក្រុម Paris Saint Germain ក៍ដោយ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមយក្សអេស្ប៉ាញមួយនេះ បានបង្ហើបពីទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ក្នុងការទិញកីឡាករ ៣រូបផ្សេងទៅវិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Real Madrid នឹងចំណាយលុយដល់ទៅ ៥០០លានផោន នៅរដូវក្តៅខាងមុខនេះ ក្នុងការទិញយក Eden Hazard ពីក្រុមតោខៀវ Chelsea, Harry Kane ពីក្រុមមាន់ខ្នាយមាស Tottenham Hotspur និង Devid De Gea ពីក្រុមបីសាចក្រហម Manchester United ។
ក្នុងនោះដែរ ប្រភពខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Real Madrid បានផ្តល់តម្លៃខ្លួនម្នាក់ ២០០លានផោន ដល់ Hazard និង Kane ខណៈ De Gea នឹងក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនខ្ពស់ជាងគេ ពោលគឺ ១០០លានផោន។ ក្នុងនោះដែរ អ្វីដែលជាចម្ងល់នោះ បើសិនជា Real Madrid ចំណាយលុយយ៉ាងច្រើនលើសលប់បែបនេះ យកទៅទិញ តារាឆ្នើមពី Premier League ទាំង៣រូបខាងលើនេះ ចុះសម្រាប់ Neymar វិញ តើ Real Madrid ទិញយឬទេ? ព្រោះថា បើ Real Madrid ចំណាយលុយទិញ Neymar ទៀតខ្ទង់ចំណាយរបស់ក្រុមអេស្ប៉ាញមួយនេះ កើតឡើងចូលប្រមាណជា ៨០០លានផោន ដែលវាអាចនឹងមិនសមមូលជាមួយនិងចំណូលប្រចាំឆ្នាំ របស់ Real Madrid ដែលធ្វើឲ្យក្លិបអាចជាប់ពិន័យរបស់ FIFA បាន។
ដោយហេតុនេះហើយ តាមការមើលឃើញជាក់ស្តែង ប្រហែលជា Real Madrid ទិញ Eden Hazard, Harry Kane និង Devid De Gea តែមិនទិញយក Neymar ពីក្រុម Paris Saint Germain ឡើយ។
មតិយោបល់