ព័ត៌មានកីឡា

បើទិញមិនបាន Varane បីសាចក្រហមសម្លឹងឃើញខ្សែ​ការពារគូប្រជែងធំរបស់ Real Madrid វិញ

ក្រុមបីសាចក្រហម Manchester United ហាក់ដូចជា​មិនទាន់ទទួលបានភ្លើងខៀវ ពីក្រុម Real Madrid ឡើយ ចំពោះការតាមប្រមាញ់ Raphael Varane ពីក្រុម Real Madrid ក៍ប៉ុន្តែក្លិបអង់គ្លេសមួយនេះ បានសម្លឹងឃើញខ្សែការពារស្បែកខ្មៅដ៍ឆ្នើមមួយរូបទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានត្រៀមទឹកប្រាក់ប្រមាណជា ៥៥លានផោន ដើម្បីទិញយកខ្សែការពារស្បែកខ្មៅ Samuel Umtiti ពីក្រុម Barcelona ។ ប្រភពខាងលើដដែល បានឲ្យដឹង​ទៀតថា ការមកទិញ Samuel Umtiti នេះដែរ ដោយសារតែក្រុមបីសាចក្រហម Manchester United នៅមិនទាន់ទទួលលទ្ធផលវិជ្ជមានណាមួយ ពីក្រុម Real Madrid ឡើយ ក្រោយពីក្លិបមួយនេះ បង្ហាញនូវការចាប់​អារម្មណ៍ចង់បាន Raphael Varane មកកាន់ Old Trafford ។

យ៉ាងណាវិញ Man Utd បានបង្វែរគោល​ដៅថ្មីហើយ​ ដោយបានទាំងត្រៀមទឹកប្រាក់ប្រមាណជា ៥៥លានផោន ក្នុងការចរចារជាមួយក្រុម Barcelona ដើម្បីនាំយក Samuel Umtiti នៅរដូវក្តៅខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា Umtiti និង Varane សុទ្ធសឹងជាខ្សែការពារដ៍រឹងមាំដូចគ្នា ទាំងទម្រង់ការពារ និង ឆ្មក់ខាងលើ ខណ: Man Utd យកបានមួយណា ក៍មិនជាបញ្ហាចោទ សម្រាប់ក្រុមអង់គ្លេសមួយនេះ​ឡើយ។

ដូច្នេះហើយ​ ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្តនាំយកទឹកប្រាក់ប្រមាណជា ៥៥លានផោន ក្នុងការនាំយក Samuel Umtiti ពីក្រុម​ Barcelona ជំនួសនូវការនាំយក Raphael Varane ពីក្រុម Real Madrid វិញ។

មតិយោបល់