ព័ត៌មានកីឡា

Real Madrid យល់ព្រមលក់ Bale ក្នុងតម្លៃ ១១៣ លានផោនឲ្យក្លិបចិន

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលថ្មីមួយទៀត សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិវែល Gareth Bale ដែលកំពុងតែត្រូវបានក្រុមយក្ស Real Madrid យល់ព្រមលក់ក្នុងតម្លៃ ១១៣ លានផោន ឲ្យក្លិបនៅប្រទេសចិន នាបញ្ចប់រដូវកាលនេះ ដើម្បីនាំយក​កីឡាករចំណូលថ្មីត្រឡប់មកវិញ។

បើតាមការចុះផ្សាយរបស់ Diario Gol ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Real Madrid ត្រៀមលក់ Bale ឲ្យក្លិបនៅប្រទេសចិនហើយ ដែលតម្លៃខ្លួនរបស់កីឡាករអន្តរជាតិវែលរូបនេះ មានតម្លៃត្រឹម ១១៣ លានផោន​ប៉ុណ្ណោះ។ យ៉ាងណាវិញ Bale មិនមានបំណងចង់ផ្លាស់ទៅលេងនៅប្រទេសចិន​ឡើយ ដោយបំណងរបស់កីឡាកររូបនេះ ចង់ចាកចេញពី Real Madrid មកសម្លឹងមើលក្លិបបាល់ទាត់នៅអឺរ៉ុប ជាពិសេស គឺការវិលមកកាន់ Premier League វិញ។

ប្រសិនបើតម្លៃត្រឹម ១១៣ លានផោននេះមែន Bale ច្បាស់ណាស់​មិនអាចខ្ចាត់ខ្ចាយ ដល់ក្របខណ្ឌកំពូលចិនឡើយ ព្រោះថាត្រឹមតម្លៃប៉ុណ្ណឹង ក្លិបធំៗនៅ​អឺរ៉ុបមិនខ្វះលុយ ក្នុងការទិញយកកីឡាករដ៍ល្អរូបនេះឡើយ។ ក៍ប៉ុន្តែ ក្លិបបាល់ទាត់​នៅចិន ហាក់កំពុងត្រៀមជះលុយបន្ថែមទៀត ដែលមានលើសចំនួន ១១៣ លានផោននេះ ដោយពួកគេចង់បាន Gareth Bale យ៉ាងខ្លាំងមកកាន់តំបន់អាស៊ី ដែលពោរពេញទៅដោយក្លិបហ៊ានជះលុយសន្ធឹកសន្ធាប់មួយនេះ។

យ៉ាងណាក៍ដោយ វាហាក់មិនងាយស្រួលឡើយ សម្រាប់ចិន ស្របពេលដែលក្លិបធំៗ ចង់បាន Gareth Bale ដូចគ្នា ដោយមើលឃើញពីសមត្ថភាព កីឡាកររូបនេះ នៅតែល្អដដែល គ្រាន់តែមិនសូវមានឱកាសបង្ហាញដូចមុនប៉ុណ្ណោះ។

មតិយោបល់