ថ្វីបើមិនមានវត្តមាន របស់ខ្សែប្រយុទ្ធឆ្នើម Neymar ក៍ដោយ តែក្រុមសាំបាប្រេស៊ីល នៅតែលេងបានយ៉ាងល្អ ដោយមកបំបាក់ក្រុមម្ចាស់ផ្ទះ World Cup ២០១៨ រុស្ស៊ី ក្នុងលទ្ធផលចាស់ដៃ ៣-០ ដោយមិនឲ្យតដៃសូម្បីមួយគ្រាប់វិញបានឡើយ។
ការយកឈ្នះ ក្រុមម្ចាស់ផ្ទះ រុស្ស៊ី ៣-០ នេះដែរបង្ហាញឲ្យឃើញថា ប្រេស៊ីល ត្រៀមខ្លួនបានយ៉ាងល្អ ក្នុងការប្រកួត World Cup ខាងមុខនេះ ដែលពួកគេមានបំណងចង់ឈ្នះពាពិភពលោកនេះ ជាលើកទី៦ ក្រោយខកខានឈ្នះចាប់តាំងពីឆ្នាំ ២០០២ កន្លងមក។ ៣គ្រាប់របស់ក្រុមជើងឯក ៥សម័យកាលមួយនេះ ស៊ុតបញ្ចូលទីដោយកីឡាករ Miranda នៅនាទីទី៥៣, ការទាត់បាល់ ១១ម៉ែត្ររបស់កីឡាករ Philippe Coutinho នៅនាទីទី៦១ និងការទាត់បញ្ចូលទីគ្រាប់ទី៣ ឲ្យប្រេស៊ីលនៅនាទីទី ៦៦ ដោយកីឡាករ Paulinho ។
ចំពោះ ការទាត់បញ្ចូលទីនេះដែរ ប្រេស៊ីលចំណាយពេលត្រឹមតែ ១៣នាទីប៉ុណ្ណោះ អាចរកបានគ្រាប់បាល់ដល់ទៅ ៣គ្រាប់ ពោលចាប់ផ្តើមស៊ុតនៅនាទីទី ៥៣ និងបញ្ចប់ការស៊ុតមកវិញ នៅនាទីទី៦៦។ យ៉ាងណាវិញ ប្រេស៊ីលឆ្នាំនេះ គឺជាក្រុមមួយដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពាន World Cup នៅរុស្ស៊ីឆ្នាំនេះ ដោយមើលឃើញពី សក្តានុពលនៃសមត្ថភាពកីឡាករល្អៗ ជាច្រើនរួមទាំងទម្រង់លេងយ៉ាងប្រសើរផងនោះ ប្រេស៊ីល ច្បាស់ជាជោគជ័យជាក់ជាមិន។
គួរបញ្ជាក់ផងដែរថា ក្រុមសាំបាប្រេស៊ីល ធ្លាប់គ្រងជើងឯក World Cup ចំនួន៥លើក ខណៈការឈ្នះចុងក្រោយកាលពីឆ្នាំ ២០០២ ដែលប្រព្រឹត្តិទៅនៅសហប្រទេស កូរ៉េ និងជប៉ុន ស្របពេលដែល World Cup ២០០៦ ធ្លាក់ក្នុងវគ្គ ៨ក្រុមចុងក្រោយក្រោមថ្វីជើងបារាំង, ២០១០នៅអាហ្វ្រិកខាងត្បូង ធ្លាក់ក្រោមថ្វីជើងក្រុមជម្រើសជាតិហូរឡង់ និង ២០១៤ នៅក្នុងទឹកដីខ្លួនឯង ប្រេស៊ីលធ្វើមិនបានល្អឡើយ ដោយលេងបានត្រឹមលេខ៤ ប៉ុណ្ណោះ។
ដូច្នេះហើយ World Cup នៅរុស្ស៊ីឆ្នាំនេះ ជាឱកាសមួយ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការសងសឹក ដណ្តើមយកពាន World Cup នេះ មកគ្រងជាថ្មីម្តងទៀត ពោលជាលើកទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
https://www.youtube.com/watch?v=H2E5eTBuXdE
មតិយោបល់