ព័ត៌មានកីឡា

Neymar បង្ហាញជំហរប្រឆាំងក្លិបចាស់ Barcelona

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar កំពុងតែធ្វើឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយកីឡាកររូបនេះ បាន​ចេញមុខប្រឆាំងក្រុម Barcelona ដែលជាក្លិបចាស់ របស់រូបគេ។

បើតាមការចុះផ្សាយរបស់ Daily Mirror បានឲ្យដឹងថា មិនត្រឹមតែយល់ព្រមចាកចេញពី Barcelona កាលពីរដូវ​ក្តៅកន្លងមកឡើយ ខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយភាពខ្លាំង Neymar កំពុងតែរារាំងផ្លូវរបស់ក្រុម Barcelona ទៀត។ ជក់ស្តែងណាស់ Neymar បានចាប់ផ្តើមធ្វើរឿងដ៍ភ្ញាក់ផ្អើលមួយ គឺរូបគេ កំពុងតែព្យាយាមលួងលោម មិត្តរួមជាតិរបស់គេ Philippe Coutinho ឲ្យផ្លាស់ទៅលេងនៅ Paris Saint Germain នៅខែមករាខាងមុខនេះ។ ជាការពិតណាស់ ការណែនាំឲ្យ Coutinho ផ្លាស់ទៅកាន់ Paris Saint Germain នេះដែរ ប្រៀបបានទៅនឹងការបង្អាក់ដំណើររបស់កីឡាកររូបនេះ កុំឲ្យផ្លាស់ទៅកាន់ក្រុម Barcelona ខណៈ ក្លិបយក្សអេស្ប៉ាញមួយនេះ ចង់បាន Coutinho យ៉ាងខ្លាំង។

Neymar បានប្រើប្រាស់ ទំនាក់ទំនងយ៉ាងល្អ របស់គេ ជាមួយនឹង Coutinho ដែលរូបគេជឿជាក់ថា នឹងទទួលបានជោគជ័យ ព្រោះថា រវាងកីឡាករទាំង២ ប្រៀបដូចជាបងប្អូនអ៊ីចឹង ដែលទំនងជា Coutinho នឹងយល់ព្រមជាក់ជាមិនខាន។ ក៍ប៉ុន្តែ Paris Saint Germain នៅប្រឈមជាមួយបញ្ហា ទណ្ឌកម្ម របស់ UEFA ប្រសិនបើក្លិបបារាំង មួយនេះមិនលក់កីឡាករចេញ​ខ្លះទេ ដើម្បីរកចំណូលបន្ថែមនោះ គឺពិបាកក្នុងការទិញកីឡាករណាស់។ យ៉ាងណាវិញ ក្លិបបារាំងមួយនេះ បានត្រៀមលក់កីឡាករ២ រូបហើយ គឺ Lucas Moura និង Angel Di Maria ស្របពេលដែល Edinson Cavani អាចនឹងលក់ចេញទៀតនោះ ច្បាស់ណាស់ថា Paris Saint Germain អាចទិញបាន Coutinho និង Sanchez ។

ដូច្នេះហើយ រង់ចាំមើលថា Neymar អាចអន្ទងហៅ Philippe Coutinho ឲ្យយល់ព្រម ផ្លាស់កាន់ Paris Saint Germain ឬយ៉ាងណា?

មតិយោបល់