ព័ត៌មានកីឡា

ខ្វិចខ្វិល​ Real Madrid ចង់នាំយកមកវិញដដែល

ក្រុមអធិរាជស Real Madrid បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ តាមរយ:ការចង់បានអតីតខ្សែប្រយុទ្ធរបស់ពួកគេ ត្រឡប់មកវិញ នៅរដូវក្តៅខាង​មុខនេះ បន្ទាប់ពីលក់ចេញ កាលពីរដូវក្តៅមុន។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម Real Madrid ថ្វីបើ​ត្រៀមទិញ Robert Lewandowski មកក៍ដោយ តែក្លិបយក្សអេស្ប៉ាញមួយនេះ ចង់បានអតីតខ្សែប្រយុទ្ធឆ្នើម Alvaro Morata ត្រឡប់មកវិញផងដែរ។ ជាការពិតណាស់ Real Madrid បានលក់ Morata ឲ្យក្រុមតោខៀវ Chelsea កាលពីរដូវក្តៅមុន ដោយមិនមាននាំចូលខ្សែប្រយុទ្ធបន្ថែមឡើយ ជាហេតុធ្វើឲ្យ​ដើមរដូវកាលកន្លងមក ក្រុមមួយនេះ ប្រឈមបញ្ហាជាច្រើន។ យ៉ាងណាវិញ Real Madrid បានងាកមកចាប់អារម្មណ៍ ក្នុងការនាំយក Morata ទៅកាន់ Bernabeu វិញ ខណ:លើកនេះ ប្រហែលជាមិនទុកឲ្យកីឡាកររូបនេះ អង្គុយកៅអី​បម្រុងច្រើនដូចលើកមុនឡើយ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូង​ឡើយ ដែល Real Madrid លក់ Morata ចេញហើយ នាំយកមកវិញឡើយ កាលពីចុងឆ្នាំ ២០១៥ Real Madrid បាននាំយក Morata ពីក្រុមសេះបង្កង់ Juventus ក្រោយពីលក់ឲ្យក្លិបអ៊ីតាលីមួយនេះ បាន២រដូវកាល ហើយខណ:ពេលនេះ Real Madrid ត្រៀមនាំយក Alvaro Morata ពី Chelsea មកវិញ ក្រោយលក់បាន១រដូវកាល។

មតិយោបល់