ព័ត៌មានកីឡា

Hikaru Mizuno ការឈ្នះ ៣ ប្រកួតជាប់គ្នាវាល្អហើយ ប៉ុន្តែយើងក៏របូតគ្រាប់ច្រើនដែរ

ក្រុមបាល់ទាត់ បឹងកេត កំពុងចាប់ផ្តើមបានយ៉ាងល្អ ក្នុងក្របខ័ណ្ឌកំពូលកម្ពុជា នារដូវកាលថ្មីនេះ បន្ទាប់ពីរកបាន ៩ ពិន្ទុពេញ នៃការប្រកួត ៣ លើក។

ក្រុមម្ចាស់ការពារតំណែងជើងឯក បានយកឈ្នះក្រុម អាសុីអឺរ៉ុប យូណាយធីត ៤-៣ ក្នុងជំនួបបើកឆាក ហើយឈ្នះក្រុម វេស្ទើនភ្នំពេញ ៣-១ នឹងបានបំបាក់ក្រុម អគ្គស្នងការដ្ឋាននរគបាលជាតិ ៥-១ ដណ្តើមបានកៅអីកំពូលតារាង។

ទោះបីជាយ៉ាងណាក៏ដោយខ្សែបម្រើការពារខ្សែរបស់ក្លិប បឹងកេត Hikaru Mizuno បានទទូចថាក្រុមរបស់គាត់ចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវការការពារដំណែងកំពូលរបស់ពួកគេទៀត ខណៈដែលធ្វើឲ្យរបូតគ្រាប់បាល់ច្រើន ពោលគឺ ៥ គ្រាប់ នៅក្នុងការប្រកួតចំនួន ៣ លើកមកនេះ ។ កីឡាករជនជាតិជប៉ុនសង្ឃឹមថាបឹងកេតអាចការពារពានរង្វាន់ក្របខ័ណ្ឌកំពូលនៅរដូវកាលនេះទៀត បន្ទាប់ពីការឈ្នះពានរង្វាន់លីកបីលើកជាប់ៗគ្នារបស់ក្លិប។

Hikaru Mizuno បានប្រាប់ផេក TheMorning ថា៖ “យើងបានឈ្នះការប្រកួតបីលើកដំបូងរបស់យើង ហើយវាមានសារៈសំខាន់ណាស់សម្រាប់យើង។ ប៉ុន្តែយើងក៏បានរបូតគ្រាប់បាល់ជាច្រើនជាមួយគូប្រជែងផងដែរ ដូច្នេះខ្ញុំគិតថាវាជាអ្វីទាំងនោះយើងត្រូវការកែលម្អ។ យ៉ាងណាក៏ដោយការឈ្នះគឺជារឿងសំខាន់បំផុត។

វាជាការចាប់ផ្តើមដ៏ល្អហើយយើងមានការចាប់ផ្តើមល្អប្រសើរជាងកាលពីឆ្នាំមុន។ ក្របខ័ណ្ឌកំពូលកម្ពុជា នៅមានផ្លូវវែងឆ្ងាយទៀត ដូច្នេះយើងត្រូវតែបន្តការរីកចម្រើនដើម្បីទទួលបានពិន្ទុរៀងរាល់សប្តាហ៍។ ពិតណាស់យើងកំពុងហ្វឹកហាត់យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឈ្នះការប្រកួត ដូច្នេះយើងអាចការពារពានរង្វាន់របស់យើងបាននារដូវកាលនេះទៀត។

យើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីឈ្នះពានរង្វាន់ក្របខណ្ឌកំពូលមួយនេះម្តងទៀតនៅរដូវកាលនេះ។ យើងក៏ចង់ឆ្លងផុត AFC Cup ជុំបន្ទាប់ផងដែរ ប៉ុន្តែឥឡូវនេះយើងកំពុងមានស្ថានភាពលំបាក។ ទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងមិនលះបង់ដរាបណាមានលទ្ធភាព»៕

មតិយោបល់