ព័ត៌មានកីឡា

២០លានអឺរ៉ូ​ មិនទិញទេ ដល់ឡើងថ្លៃ ៨០លានអឺរ៉ូ ទើបចាប់ផ្តើមស្តាយក្រោយ

លោក Zidane គ្រូបង្វឹកក្រុមអធិរាជស Real Madrid កំពុងតែមានការសោក​ស្តាយយ៉ាងខ្លាំងដែលរូបលោក មិនបានទិញ អ្នកចាំទីវ័យ ២៣ ឆ្នាំ អេស្ប៉ាញ Kepa Arrizabalaga កាលពីខែមករាកន្លងមកនេះ។

បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក ប្រទេសអេស្ប៉ាញ Marca បានឲ្យដឹង​ថា លោក Zidane ចាប់ផ្តើមស្តាយក្រោយ ដែលលោក រុញរាចិត្តមិនទិញ Kepa Arrizabalaga ពីក្រុម Athletico Bilbao ក្រោមហេតុផលថា លោកមិនចង់​រុះរើ​កីឡាករនាពាក់កណ្តាលរដូវកាលនេះ។ Kepa បានពិនិត្យសុខភាពជោគជ័យទៅ​ហើយ នាទីក្រុងម៉ាឌ្រីត ដោយរង់ចាំតែការផ្លាស់ទៅកាន់ Real Madrid តែ​ប៉ុណ្ណោះ ដែលកាលនោះ តម្លៃផ្តាច់កុងត្រា របស់កីឡាកររូបនេះ ត្រឹមតែ ២០ លាន​អឺរ៉ូ ប៉ុណ្ណោះ។

យ៉ាងណាវិញ នៅពេលនេះ តម្លៃផ្តាច់កុងត្រារបស់ Kepa មិនដូចមុន​ឡើយ ពោលគឺកើនឡើងទ្វេរជាបួន ដែលមានន័យថា ប្រសិនបើលោក Zidane ចង់បានអ្នកចាំទីវ័យក្មេងអេស្ប៉ាញមួយនេះ ក្លិប Real Madrid ត្រូវចំណាយលុយ ៨០ លានអឺរ៉ូ ដើម្បីផ្តាច់កុងត្រា ពីក្រុម Athletico Bilbao ។

ដូច្នេះហើយ ប្រសិនបើ Real Madrid ពិតជាបរាជ័យ ទិញ Devid De Gea ពីក្រុមបីសាចក្រហម Manchester United នោះ ការងាកមកទិញ Kepa Arrizabalaga នឹងមិនថោកដូចមុនឡើយ គឺតម្លៃរបស់អ្នកចាំទីអេស្ប៉ាញរូបនេះ រហូតដល់ទៅ ៨០ លានអឺរ៉ូ មិនមែន ២០ លានអឺរ៉ូ ដូចមុនឡើយ។

មតិយោបល់