ខ្សែប្រយុទ្ធ២រូបរបស់ក្រុមតោខៀវ Chelsea ហាក់មានវាសនាខុសគ្នា ក្នុងការសម្រេចចិត្តមកកាន់ Stamford Bridge ក្រោយពីការកោះហៅរបស់ក្រុមជម្រើសជាតិបានចេញមកខ្លះៗនោះ។
ជាក់ស្តែងណាស់ ខ្សែប្រយុទ្ធស្បៃវែង Oliver Giroud ពិតជាសម្រេចចិត្តចាកចេញពីក្រុមកាំភ្លើងធំ Arsenal មកកាន់ Chelsea នេះត្រូវ ព្រោះថា កីឡាករបារាំងរូបនេះ បានស្វែងរកកៅអី ទៅលេង World Cup នៅរុស្ស៊ីហើយ បន្ទាប់ពីក្រុមជម្រើសជាតិបារាំងកោះហៅ ក្នុងចំណោមបញ្ជីឈ្មោះ ២៣នាក់ ត្រៀមទៅរុស្ស៊ី។ ក្រឡេកមកមើលខ្សែប្រយុទ្ធ Alvaro Morata វិញ កីឡាករអេស្ប៉ាញរូបនេះ កាលលេងនៅ Real Madrid ថ្វីដ្បិតតែលេងជាកីឡាករបម្រុងក្តី តែ Morata មានឱកាសជាប់ជម្រើសជាតិអេស្ប៉ាញ ក៍ប៉ុន្តែ ក្រោយពីការផ្លាស់មកកាន់ Chelsea កាលពីរដូវក្តៅមុននេះ បើទោះបីជាមានឱកាសលេងច្រើនជាងមុន តែ កីឡាកររូបនេះ មិនត្រូវបានក្រុមជម្រើសជាតិកោះហៅ ឲ្យចូលរួមនាពេលថ្មីៗកន្លងមកនេះឡើយ។ ម្យ៉ាងវិញទៀតនោះ ថ្វីបើអេស្ប៉ាញ មិនទាន់បញ្ចេញបញ្ជីឈ្មោះកីឡាករទៅរុស្ស៊ីក្តី តែសម្រាប់ Morata ហាក់ដូចជាគ្មានពន្លឺឡើយ ស្របពេលដែលកីឡាករក្មេងៗជំនាន់ក្រោយរបស់អេស្ប៉ាញ លេងបានល្អជាង និងកំពុងទទួលការចាប់ចិត្តពីគ្រូអេស្ប៉ាញផងដែរ។
គួរបញ្ជាក់ផងដែរថា Alvaro Morata មិនត្រឹមតែមិនជោគជ័យ ចំពោះការកោះហៅរបស់ក្រុមជម្រើសជាតិអេស្ប៉ាញឡើយ សូម្បីការប្រជែងតំណែង ១១នាក់ដំបូងនៅ Chelsea ជាមួយ Oliver Giroud ក៍ពិបាកដែរ។
មតិយោបល់