អតីតវីរបុរសដៃទេព Diego Maradona បានបន្តធ្វើការរិញគន់ ការដឹកនាំរបស់លោក Sampaoli ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន នាពេលបច្ចុប្បន្ននេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា អតីតស្តេចបាល់ទាត់អាហ្សង់ទីន លោក Diego Maradona ហាក់ខកបំណងយ៉ាងខ្លាំងចំពោះលទ្ធផលរបស់អាហ្សង់ទីន ក្នុងការប្រកួតបើកឆាកជាមួយអ៊ីស្លង់ កន្លងមកនេះ។ Maradona បានឲ្យដឹងថា អាហ្សង់ទីន មិនមែនអន់ឡើយ ទម្រង់លេងរបស់ក្រុមមួយនេះ ល្អខ្លាំងណាស់ តែអ្វីដែលជាចំណុចខ្វះខាតនោះ ដោយសារតែលោក Sampaoli ប្រើប្រាស់កីឡាករ មិនត្រឹមត្រូវ។
វីរបុរសដៃទេពរូបនេះ បានឲ្យដឹងទៀតថា លោក Sampoali បានសាងកំហុស ដោយមិនជ្រើសរើសយក Mauro Icardi ម្តងហើយ ក៍ប៉ុន្តែ ក្នុងការប្រកួតជាមួយអ៊ីស្លង់នេះដែរ លោកនៅតែបន្តសាងកំហុស ដោយមិនផ្តល់ឱកាសឲ្យ Paulo Dybala បានលេងឡើយ។ ប្រសិនបើ Dybala បានចូលទីលានវិញ ច្បាស់ជាលទ្ធផល អាចមានការប្រែប្រួលជាងនេះ ព្រោះថា Dybala អាចលេងជំនួសតំណែង Lionel Messi ដោយរុញ Messi ឲ្យទៅតំបន់ប្រយុទ្ធដាច់ មានការគាំទ្រខាងក្រោមពីសំណាក់ Dybala វិញ នោះនឹងធ្វើឲ្យតំបន់ប្រយុទ្ធ អាហ្សង់ទីន កាន់តែខ្លាំងជាងមុនជាក់ជាមិនខាន។
ដូច្នេះហើយ លោក Diego Maradona ជឿជាក់ថា ប្រសិនបើអាហ្សង់ទីន នៅតែទុក Paulo Dybala ឲ្យអង្គុយមើលទៀតនោះ លទ្ធផលរបស់អាហ្សង់ទីន អាចប្រឈមមុខនឹងការធ្វើមិនបានល្អទៀតជាក់ជាមិនខាន ព្រោះថា គូប្រលួតបានមើល ពីភាពខ្លាំងរបស់ Messi បើមាន Dybala ម្នាក់ទៀត អាចធ្វើឲ្យគូប្រកួតកាន់តែពិបាក ក្នុងការបិទ កីឡាករទាំង២រូបនេះ។




មតិយោបល់