ក្នុងជំនួបវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ក្រុមមាន់គកបារាំង ត្រូវជួបក្រុមជើងខ្លាំងអាហ្សង់ទីន ដើម្បីស្វែងរកក្រុមណាមួយ ដែលត្រូវបន្តឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបន្តទៀត។
យ៉ាងណាវិញ ជំនួបរវាងក្រុមខ្លាំងទាំង២ នេះ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍មិនតិចឡើយ ខណៈអ្នកគាំទ្ររបស់ក្រុមទាំង២ សុទ្ធសឹងរំពឹងថា ក្រុមរបស់ពួកគេទទួលបានជ័យជំនះ ដូចៗគ្នា។ ក៍ប៉ុន្តែ បើក្រឡេកមើលប្រវត្តិជួបគ្នារវាងក្រុមទាំង២ កន្លងមកនេះ យើងឃើញថា បារាំងហាក់មិនសូវធ្វើបានល្អឡើយ ពេលជួបអាហ្សង់ទីន។
ជាក់ស្តែងណាស់ ក្រុមទាំង២ ធ្លាប់ជួបគ្នារហូតដល់ទៅ ១១លើក ខណៈបារាំង ធ្លាប់ឈ្នះ តែ២លើកប៉ុណ្ណោះ រីឯអាហ្សង់ទីនវិញ ឈ្នះរហូតដល់ទៅ ៦ដង និងស្មើគ្នា ៣ដង។ តាមរយៈលទ្ធផលនេះបង្ហាញឲ្យឃើញថា បារាំងអាចពិបាកខ្លាំង ពេលជួបអាហ្សង់ទីនយប់នេះ ថ្វីបើបារាំង ប្រជុំទៅដោយ កីឡាករឆ្នើមៗក្តី តែអាហ្សង់ទីន ក៍មិនណយដែរ កីឡាករសុទ្ធសឹងល្បីៗដូចគ្នា ជាពិសេសខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាកីឡាករសំខាន់ និងជាគ្រោះថ្នាក់បំផុតសម្រាប់បារាំងយប់នេះ។
គួរបញ្ជាក់ផងដែរថា បារាំង និងអាហ្សង់ទីន ត្រូវជួបគ្នា នៅវេលាម៉ោង ៩យប់នេះ ខណៈមួយគូទៀតនៅម៉ោង ១រំលងអាធ្រាត្រ អុយរ៉ាហ្គាយទទួលក្រុម ពរទុយហ្គាល់។
ខាងក្រោមនេះ ជាប្រវត្តិជួបគ្នារវាងក្រុមទាំង២ កន្លងមក៖
– ១១ កុម្ភៈ ២០០៩ ជំនួបមិត្តភាព បារាំង ០-២ អាហ្សង់ទីន
– ៧ កុម្ភៈ ២០០៧ ជំនួបមិត្តភាព បារាំង ០-១ អាហ្សង់ទីន
– ២៦ មីនា ១៩៨៦ ជំនួបមិត្តភាព បារាំង ២-០ អាហ្សង់ទីន
– ៦ មិថុនា ១៩៧៨ World Cup អាហ្សង់ទីន ២-១ បារាំង
– ២៦ មិថុនា ១៩៧៧ ជំនួបមិត្តភាព អាហ្សង់ទីន ០-០ បារាំង
– ១៨ ឧសភា ១៩៧៤ ជំនួបមិត្តភាព បារាំង ០-១ អាហ្សង់ទីន
– ២៥ មិថុនា ១៩៧២ Independence Cup អាហ្សង់ទីន ០-០ បារាំង
– ១២ មករា ១៩៧១ ជំនួបមិត្តភាព អាហ្សង់ទីន ២-០ បារាំង
– ៨ មករា ១៩៧១ ជំនួបមិត្តភាព អាហ្សង់ទីន ៣-៤ បារាំង
– ៣ មិថុនា ១៩៦៥ ជំនួបមិត្តភាព អាហ្សង់ទីន ០-០ បារាំង
– ១៥ កក្កដា ១៩៣០ World Cup បារាំង ០-១ អាហ្សង់ទីន

មតិយោបល់