ក្រុមជម្រើសជាតិបារាំង បានបន្តឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយហើយ ក្រោយយកឈ្នះក្រុមអាហ្សង់ទីន ៤-៣ នាវគ្គ ១៦ក្រុមចុងក្រោយនេះ ខណៈខ្សែបរយុទ្ធវ័យក្មេង Kylian Mbappe របស់ក្រុម Paris Saint Germain បង្ហាញភាពលេចធ្លោយ៉ាងខ្លាំង ក្នុងការប្រកួតនេះ។
ជាក់ស្តែងណាស់ Kyian Mbappe បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយ សមត្ថភាព របស់កីឡាកររូបនេះ ក្នុងជំនួបជាមួយអាហ្សង់ទីន យប់និញនេះ តាមរយៈការបង្ហាញខ្លួនយ៉ាងល្អឥតខ្ចោះ ឲ្យក្រុមជម្រើសជាតិបារាំង។ Kylian Mbappe ពិតជាសាកសមជាកីឡាករវ័យក្មេង ពោរពេញទៅដោយាមត្ថភាព និងទេពកោសល្យមែន មិនត្រឹមស៊ុត២គ្រាប់ឲ្យបារាំងយប់មិញឡើយ កីឡាកររបស់ក្រុម Paris Saint Germain រូបនេះ បានបង្កឲ្យមានបាល់ ១១ម៉ែត្រ ឲ្យក្រុមជម្រើសជាតិ តាមរយៈការអូសបាល់តាំងពីលើដំបូលទូករបស់បារាំងហូតទៅដល់ ក្នុងប្រអប់គ្រោះថ្នាក់របស់អាហ្សង់ទីនផងដែរ។ ថ្វីដ្បិតតែនេះ គឺជាការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមជម្រើសជាតិ បារាំង ក្នុងព្រឹត្តិការណ៍ធំបែបនេះមែន តែ Kyian Mbappe ធ្វើបានល្អណាស់ ដោយស៊ុតបាន ៣គ្រាប់ហើយ សម្រាប់ការបង្ហាញខ្លួន បាន៤ប្រកួតនៅ World Cup ដែលនេះបង្ហាញឲ្យឃើញថា កម្រមានកីឡាករវ័យក្មេងរូបណាអាចធ្វើបានដូច Mbappe ឡើយ។
ហេតុនេះហើយកីឡាករវ័យ ១៩ឆ្នាំរូបនេះ នៅមិនទាន់អស់ឱកាសបង្ហាញសមត្ថភាពនៅឡើយទេ ខណៈការប្រកួតវគ្គ ៨ក្រុមចុងក្រោយ បារាំងត្រូវជួបអ៊ុយរ៉ាហ្គាយ ដែលជាឱកាសបន្តទៀត សម្រាប់ Mbappe ក្នុងការសាងប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់។




មតិយោបល់