ព័ត៌មានកីឡា

ពិតជារំភើប នៅពេលដែលកីឡាករកម្ពុជា បានលេងឲ្យក្លិបយក្សក្នុងប្រទេសថៃ

ការតស៊ូរបស់កីឡាករកម្ពុជា នាពេលកន្លងមកនេះ គឺដើម្បីបង្ហាញឲ្យអន្តរជាតិ មើលឃើញពីទេពកោសល្យរបស់កីឡាករកម្ពុជា និងផ្តល់ឱកាសឲ្យពួកគេ​បង្ហាញ​សមត្ថភាពលើឆាកអន្តរជាតិផងដែរ។

យ៉ាងណាវិញ ការខំប្រឹងប្រែងរបស់កីឡាករកម្ពុជា បានលេចចេញជារូបរាងហើយ ក្រោយពីខ្សែបម្រើ អតីតរបស់ក្រុមក្រសួងការពារជាតិ កីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានក្លិបបាល់ទាត់ជើងឯកក្របខណ្ឌកំពូលប្រទេសថៃ Burriram United ចុះកុងត្រាជាកីឡាករពេញសិទ្ធិរួចមក។ ពលរដ្ឋ គឺជាកីឡាករកម្ពុជាដំបូងគេបំផុត​ដែលបានទៅលេងនៅក្លិបយក្សក្នុងប្រទេសថៃបែបនេះ ខណៈកីឡាករល្បីៗរបស់កម្ពុជាផ្សេងទៀត ដូចជាប្រាក់​ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកាជាដើម មិនទាន់មានឱកាសល្អបែបនេះឡើយ។ ក្នុងនោះដែរ ច្រឹង ពលរដ្ឋ នឹងពាក់អាវលេខ​​ ២៤ឲ្យក្លិបថ្មីរបស់គេ ហើយ ពលរដ្ឋនឹងមានឱកាសជួយក្លិបថ្មី​ប្រជែងពានរដូវកាលថ្មីនេះ រួមទាំងមានឱកាសលេងក្នុងពានរង្វាន់ AFC Asia Champion League លើកដំបូងក្នុងនាមជាកីឡាករកម្ពុជាផងដែរ។

ដូច្នេះហើយ ច្រឹង ពលរដ្ឋនឹងក្លាយជាកីឡាករកម្ពុជាដំបូង ដែលបានលេងឲ្យក្រុម​យក្សថៃ Burriram United ដែលជាក្រុមជើងឯកលីគកំពូលប្រទេសថៃផងដែរ។

មតិយោបល់