ព័ត៌មានកីឡា

Zlatan ៖ មក Man Utd ព្រោះខ្ញុំនិង Jose សុទ្ធតែអ្នកនាំជ័យជម្នះ

អង់គ្លេសៈ Zlatan Ibrahimovic បានប្រាប់ពីមូលហេតុដែលធ្វើឱ្យគេសម្រេចជ្រើសយក Manchester United ថាមកពីអ្នកចាត់ការ Jose Mourinho និងរូបគេសុទ្ធតែជាបុគ្គលជោគជ័យ ដែលអាចនាំក្រុមឈ្នះពានរង្វាន់បានយ៉ាងស្រួលៗ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MUTV ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ បាននិយាយថា វាជារឿងងាយយល់បំផុតថា ហេតុអ្វីរូបគេផ្លាស់មកលេងនៅ Old Trafford ។ គ្រប់យ៉ាងអ្នកអាចប្រៀបធៀបវាទៅនឹងការប្រកួតរបស់ Mayweather និង Pacquiao។ គ្មាននរណាគិតដល់ថា ពួកគេអាចប្រកួតគ្នានោះទេ ប៉ុន្តែចុងក្រោយនៅតែអាចកើតមានឡើង។

ហើយហេតុផលមួយទៀតដែលកាន់តែសំខាន់នោះ អតីតកីឡាករ PSG រូបនេះបញ្ជាក់ថា៖ “ខ្ញុំជាមនុស្សជោគជ័យ ហើយ Jose ក៏ដូចខ្ញុំដែរ។ ដូច្នេះមនុស្សជោគជ័យត្រូវនៅជាមួយមនុស្សជោគជ័យ ជារឿងសមរម្យខ្លាំងណាស់។ ហើយឥឡូវនេះ ខ្ញុំសប្បាយចិត្តនឹងធ្វើការជាមួយគាត់”។

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតខាងលើផ្លាស់ពី AC Milan មក PSG កាលពីឆ្នាំ២០១២ ហើយអំឡុងពេល៣ឆ្នាំមកនេះ រូបគេអាចជួយក្រុមខ្លាំងនៅបារាំងមួយនេះលើកពានជាច្រើនដូចជា Ligue 1 ៣សម័យកាលជាប់គ្នា, Trophée des champions ២ដង , Coupe de la Ligue ២ដង និង Coupe de France ១ដង។ អ្វីដែលធ្វើឱ្យគេកាន់​តែសរសើរកីឡាកររូបនេះថែមទៀត គឺតាំងពីចូលលេងនៅឈុតធំមក រូបគេទៅលេងឱ្យក្រុមណាតែងតែអាច​ជួយក្រុមលើកពានលីកកំពូល​ក្នុងប្រទេសនោះជានិច្ច។ តួយ៉ាងដូចជានៅ Ajax , Juventus , Inter Milan , Barcelona , AC Milan ជាដើមគឺសុទ្ធសឹងតែឈ្នះពានលីកកំពូលទាំងអស់ នៅពេលរូបគេចូលលេងឱ្យ៕

មតិយោបល់