លោក Mauricio Macri ប្រធានាធិបតីអាហ្សង់ទីន បានទូរសព្ទទៅនិយាយជាមួយ Lionel Messi ដោយផ្ទាល់តែម្ដង ដើម្បីហៅកីឡាកររូបនេះឱ្យចូលលេងនៅក្រុមជម្រើសជាតិវិញ។
Messi បានសម្រេចចិត្តចូលនិវត្តន៍បន្ទាប់ពីរូបគេមិនអាចជួយក្រុមជម្រើសជាតិឈ្នះ Copa America បានកាលពីខែមុននេះ ដោយចាញ់ក្រុមឈីលី ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។ យ៉ាងណាមិញ ការចាកចេញរបស់កីឡាករវ័យ២៩ឆ្នាំនេះ បានធ្វើឱ្យមតិជាច្រើនមិនពេញចិត្តនោះទេ ហើយចង់ឃើញរូបគេនៅលេងបន្ដទៀត។
តួយ៉ាងសូម្បីតែលោក Mauricio Macri ប្រធានាធិបតីអាហ្សង់ទីន ក៏មិនចង់ឃើញ Messi ចូលនិវត្តន៍ដែរ ដោយលោកបានបញ្ជាក់ថាធ្លាប់ទាក់ទងទៅកីឡាកររូបនេះតាមទូរសព្ទផ្ទាល់ ហើយជឿជាក់ថារូបគេនឹងចូលលេងឱ្យអាហ្សង់ទីនវិញនៅពេលឆាប់ៗខាងមុខនេះ។
បើពិតតាមសម្ដីរបស់លោកប្រធានាធិបតីខាងលើមែននោះ ខ្សែប្រយុទ្ធមកពីក្លឹប Barcelona នឹងអវត្តមានការប្រកួតជម្រុះ World Cup ក្នុងទ្វីបអាមេរិកខាងត្បូងនៅខែកញ្ញា តែអាចលេងឲ្យអាហ្សង់ទីនវិញនៅការប្រកួតក្នុងខែវិច្ឆិកាចុងឆ្នាំនេះ៕

មតិយោបល់