ខ្សែបម្រើ Ramires ត្រូវបានសហព័ន្ធបាល់ទាត់ចិន សម្រេចពិន័យមិនឱ្យចូលលេង៤ប្រកួត ដោយសារតែរូបគឈ្លោះគ្នាជាមួយអាជ្ញាកណ្ដាលក្នុងការប្រកួតដែលក្រុមJiangsu ចាញ់ Shandong Luneng ២-១ ក្នុងពានរង្វាន់ Chinese Super League។
និយាយពីរឿងរ៉ាវដែលកើតឡើងវិញ អតីតកីឡាករក្រុម Chelsea ខាងលើបានឈ្លោះប្រកែកជាច្រើនដងអំឡុងពេលប្រកួតជាមួយក្រុមអាជ្ញាកណ្ដាល។ ហើយរហូតដល់ចប់ការប្រកួត កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នៅតែបង្ហាញកាយវិការមិនសមរម្យដដែល រហូតដល់អាជ្ញាកណ្ដាលសម្រេចចិត្តផ្ដល់កាតក្រហមដល់រូបគេតែម្ដង។ ដោយសារតែដូច្នេះហើយ ទើបធ្វើឱ្យ Ramires ខឹងយ៉ាងខ្លាំង រហូតដល់ចង់ទៅវាយអាជ្ញាកណ្ដាលថែមទៀត ដោយខំតែបានគ្រូបង្វឹកនិងមិត្តរួមក្រុមចាប់នោះទេ។
កាយវិការនេះហើយ បានជាសហព័ន្ធបាល់ទាត់ចិនសម្រេចឱ្យកីឡាករវ័យ២៩ឆ្នាំរូបនេះនៅក្រៅទីលានរហូតដល់ទៅ ៤ប្រកួត ខណៈដែលក្រុមJiangsu កំពុងតែព្យាយាមបង់ការពិន័យនេះឱ្យទៅជាប្រាក់វិញ ដើម្បីឆាប់បានចូលលេងជួយក្រុម។
Ramires ផ្លាស់ពី Chelsea ទៅក្លឹប Jiangsu Suning របស់ចិន ក្នុងកុងត្រារយៈពេល៤ឆ្នាំ ដោយមានតម្លៃខ្លួនប្រមាណជា២៥លានផោន។ ដោយឡែកក្នុងរដូវកាលនេះដែរ រូបគេហាក់មិនបានជួយក្រុមបានច្រើនទេ ពោលគឺបច្ចុប្បន្ននេះក្រុម Jiangsu កំពុងស្ថិតនៅលេខ២ តែចាញ់ក្រុមលេខមួយ Guangzhou Evergrande ដល់ទៅ១០ពិន្ទុឯណោះ ក្នុងតារាងលីគកំពូលចិន Chinese Super League ៕
មតិយោបល់